ការញៀននឹងឧបករណ៍អេឡិចត្រូនិច ធ្វើឱ្យកុមារងាយមានហានិភ័យដែលទាក់ទិននឹងជំងឺមីញ៉ូប
ជាធម្មតាបើយើងសួរមនុស្សរាល់គ្នាអំពីផលប្រយោជន៍នៃបច្ចេកវិទ្យា ពួកគេប្រហែលជានឹងឆ្លើយថា បច្ចេកវិទ្យាជាពិសេសគឺ «ឧបករណ៍អេឡិចត្រូនិច» ជួយពួកគេឱ្យមានទំនាក់ទំនងកាន់តែជិតស្និតជាមួយគ្រួសារ ឬមិត្តភក្តិដែលនៅឆ្ងាយពីគ្នា ឬជួយឱ្យពួកគេបានស្គាល់អ្វីដែលពួកគេមិនដែលជួបពីមុន ឬក៏ជាជំនួយនៃប្រភពចំណេះដឹងរបស់ពួកគេ -ល- ។ ប៉ុន្តែមានមនុស្សប៉ុន្មាននាក់ដែលដឹងថា កាលដែលចំណាយពេលយូរនៅនឹងមុខអេក្រង់ (ឬScreen time) នៃឧបករណ៍បចេ្ចកវិទ្យាអេឡិចត្រូនិចទាំងនោះយូរម៉ោងអាចបង្កជាហានិភ័យខ្ពស់?
ជាការពិតមនុស្សវ័យក្មេងកាន់តែច្រើនកំពុងពាក់វ៉ែនតាមីញ៉ូប ដើម្បីកែតម្រូវការមើលមិនច្បាស់របស់ពួកគេ ដែលនិន្នាការនេះបានជំរុញអោយអ្នកឯកទេសខាងសុខភាពភ្នែកដើម្បីធ្វើការកំណត់ថា តើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដូចជា៖ កុំព្យូទ័រ ថេប្លេត និងទូរស័ព្ទស្មាតហ្វូន នាំឱ្យមានការខូចខាតសមត្ថភាពនៃការមើលឃើញរបស់ពួកគេដែរ ឬទេ? ជាលទ្ធផល គឺវាពិតមែន!។ ថ្វីបើមូលហេតុនៃការដែលអាចកើតមាននូវជំងឺមីញ៉ូបអាចបណ្តាលមកពីហ្សែន ប៉ុន្តែកត្តាដែលធ្វើឱ្យហានិភ័យរបស់វាកើនឡើងគឺការប្រើប្រាស់ឧបករណ៍បចេ្ចកវិទ្យាអេឡិចត្រូនិចទាំងនោះយូរម៉ោង និងសម្លឹងទៅជិតអេក្រង់របស់វាខ្លាំងពេក។
ជាឧទាហរណ៍ អ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើចូលចិត្តសម្លឹងទៅអេក្រង់ត្រឹមចម្ងាយ ២០សង់ទីម៉ែត្រ ប៉ុណ្ណោះពីភ្នែក ទាំងដែលការពិតចម្ងាយដែលមានសុវត្ថិភាពគឺពី ៤០ ទៅ ៤៥សង់ទីម៉ែត្រ ការធ្វើបែបនេះអាចធ្វើឱ្យហានិភ័យនៃជំងឺមីញ៉ូបកើនឡើង ៨ដង។ ក៏មានមនុស្សមួយចំនួន ដែលកាន់តែប្រើឧបករណ៍អេឡិចត្រូនិច ពួកគេកាន់តែបន្ថែមពន្លឺនៃឧបករណ៍ទាំងនោះកាន់តែខ្លាំងឡើង ដូច្នេះហានិភ័យរបស់វាគឺកាន់ខ្ពស់ឡើង។ អ្វីដែលជាការព្រួបារម្ភបំផុតគឺ មនុសវ័យជំទង់ និងកុមារកាន់តែច្រើនឡើងៗ កំពុងមានបញ្ហាភ្នែកនេះកើនឡើងជារៀងរាល់ថ្ងៃ ដោយសារតែការញៀនទៅលើឧបករណ៍អេឡិចត្រូនិចទាំងនោះ។ ម៉្យាងទៀតចំពោះជំងឺមីញ៉ូបនេះ វាមិនមែនគ្រាន់តែធ្វើឱ្យភ្នែករបស់ធ្វើធ្លាក់ចុះនៃការមើលឃើញនោះទេ ករណីធ្ងន់ធ្ងរគឺអាចពិការភ្នែកជារៀងរហូត៕
អត្ថបទ៖ លីដា
ប្រភព៖ dailymail