អន្តរជាតិ

សហរដ្ឋអាមេរិកប្រកាសនឹងផ្តល់គ្រាប់បែកចង្កោមដល់អ៊ុយក្រែន ដែលជាគ្រាប់បែកត្រូវបានហាមឃាត់នៅក្នុងសន្ធិសញ្ញាអន្តរជាតិ

BY
autoadmin
July 8, 2023

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្តល់គ្រាប់បែកចង្កោមដល់អ៊ុយក្រែន សម្រាប់ការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ គ្រាប់​បែក​ចង្កោម​ (cluster munitions) គឺជា​ប្រភេទគ្រាប់​បែក​តូច​ៗ និង​មាន​សមត្ថភាព​សម្លាប់​ខ្ពស់ ហើយអត្រាបរាជ័យក្នុងការផ្ទុះលើសត្រូវក៏មានច្រើនដូចគ្នា ដែលវានឹងបង្កហានិភ័យដល់ជនស៊ីវិលនៅពេលអនាគត។ សន្ធិសញ្ញាអន្តរជាតិ បានហាមឃាត់ការប្រើប្រាស់គ្រាប់បែកនេះ ប៉ុន្តែសហរដ្ឋ​អាមេរិក រុស្ស៊ី និង​អ៊ុយក្រែន ​មិន​បាន​ចូលរួម​ក្នុង​សន្ធិសញ្ញា​នោះ​ទេ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា វាមិនងាយស្រួលទេ ក្នុងការសម្រេចចិត្តផ្តល់គ្រាប់បែកនេះ។ លោកបាននិយាយថា សហរដ្ឋអាមេរិកទទួលស្គាល់ថា គ្រាប់បែកចង្កោមបង្កើតហានិភ័យនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលពីគ្រាប់មិនទាន់ផ្ទុះ។ លោក​បាន​និយាយ​ថា វា​ក៏​មាន​ហានិភ័យ​ដ៏​ធំ​មួយ​នៃ​ការ​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល ប្រសិនបើ​ទាហាន​រុស្ស៊ី​ដណ្តើម​យក​ទឹកដី​អ៊ុយក្រែន​បន្ថែម​ទៀត និង​បង្ក្រាប​ជន​ស៊ីវិល​អ៊ុយក្រែន​បន្ថែម​ទៀត។

លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានពិគ្រោះជាមួយសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធ មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ ហើយសូម្បីតែប្រទេសដែលជាសមាជិកហត្ថលេខីនៃសន្ធិសញ្ញាហាមប្រាមនេះ ក៏បានបង្ហាញថា ពួកគេយល់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែរ។ សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា យោធារុស្ស៊ីបាននិងកំពុងប្រើប្រាស់គ្រាប់បែកចង្កោមនៅលើសមរភូមិរួចហើយ ហើយពួកគេចាំបាច់សម្រាប់ការវាយលុករបស់អ៊ុយក្រែន។ ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា គ្រាប់​មិន​គួរ​ប្រើ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: