អាជ្ញាធរចិនបានដាក់ពិន័យជាប្រាក់ជិត ១ពាន់លានដុល្លារអាមេរិក លើក្រុមហ៊ុន Ant Group របស់លោក Jack Ma
- BY
- autoadmin
- July 8, 2023
អាជ្ញាធរនៅក្នុងប្រទេសចិនបានដាក់ពិន័យជាប្រាក់យ៉ាងសន្ធឹកសន្ធាប់ លើប្រតិបត្តិករទូទាត់ប្រាក់តាមទូរស័ព្ទ Ant Group របស់ស្ថាបនិកលោក Jack Ma។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការបង្រ្កាបអស់រយៈពេលជាច្រើនឆ្នាំ លើឧស្សាហកម្មបច្ចេកវិទ្យា។ ក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ថា បានបំពានច្បាប់ទាក់ទងនឹងការការពារអតិថិជន ធនាគារ និងការធានារ៉ាប់រង។ កាលពីថ្ងៃសុក្រ រដ្ឋបាលជាតិនៃបទប្បញ្ញត្តិហិរញ្ញវត្ថុ និងអង្គភាពផ្សេងទៀតបាននិយាយថា ការផាកពិន័យសរុបមានចំនួន ៧.១ ពាន់លានយ័ន ឬប្រហែល ៩៨០ លានដុល្លារអាមេរិក។

Ant Group គឺជាសាខារបស់ក្រុមហ៊ុន e-commerce យក្ស Alibaba ដែលស្ថាបនិកលោក Jack Ma បានរិះគន់យ៉ាងចំហរចំពោះនិយតករហិរញ្ញវត្ថុរបស់ប្រទេសចិន កាលពីក្នុងខែតុលា ឆ្នាំ២០២០។ មិនយូរប៉ុន្មាន Ant Group ត្រូវបានបង្ខំឱ្យលុបចោលការចុះបញ្ជីទីផ្សារ ដែលក្រុមហ៊ុននេះបានព្យាយាមប៉ុនប៉ង។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទីក្រុងប៉េកាំងបាននឹងកំពុងរឹតបន្តឹងបទប្បញ្ញត្តិលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន មិនថាតែ Ant Group នោះទេ។
ជាក់ស្ដែង សេចក្តីប្រកាសកាលពីថ្ងៃសុក្រក៏បាននិយាយផងដែរថា ក្រុមហ៊ុនសេវាកម្មទូទាត់ដែលប្រតិបត្តិការក្រោមក្រុមហ៊ុន Tencent Group ត្រូវបានពិន័យជាប្រាក់ចំនួន ៤១៤ លានដុល្លារ។ ការបំពានដែលត្រូវបានចោទប្រកាន់រួមមាន ការគ្រប់គ្រងអ្នកប្រើប្រាស់ដោយខុសច្បាប់។ អាជ្ញាធរនិយាយថា បញ្ហាភាគច្រើននៃការអនុវត្តហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបែបនេះឥឡូវនេះត្រូវបានកែតម្រូវ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






