បុរសម្នាក់ប្រឈមនឹងការផាកពិន័យ ១៦,៥០០ ដុល្លារ និងជាប់ពន្ធនាគារ ៥ឆ្នាំ ក្រោយបានសរសេរឈ្មោះខ្លួន និងសង្សារនៅជញ្ជាំងប្រាសាទកូឡូសឺម
- BY
- autoadmin
- July 8, 2023
អ្នកទេសចរមកពីប្រទេសអង់គ្លេសម្នាក់ ប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ ១៥,០០០ អឺរ៉ូ ឬប្រមាណ ១៦,៥០០ ដុល្លារអាមេរិក និងការជាប់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ បន្ទាប់ពីបុរសម្នាក់នោះបានឆ្លាក់ឈ្មោះរបស់គាត់ និងមិត្តស្រី នៅលើជញ្ជាំងប្រាសាទកូឡូសឺម (Colosseum) របស់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលជាប្រាសាទចំណាស់មួយ មានអាយុកាលជាង ២,០០០ ឆ្នាំមកហើយ។ បុរសម្នាក់នោះមានឈ្មោះថា Ivan Dimitrov អាយុ ២៧ឆ្នាំ រស់នៅក្នុងទីក្រុង Bristol របស់ប្រទេសអង់គ្លេស។ គាត់ត្រូវបានគេដឹងថា បានធ្វើសកម្មភាពសរសេរឈ្មោះរបស់ខ្លួន និងគូស្នេហ៍ កាលពីខែមិថុនាកន្លងទៅ នៅជញ្ជាំងខាងក្នុងរបស់ប្រសាទ ហើយវីដេអូសកម្មភាពរបស់គាត់ ត្រូវបានអ្នកទេសចរដែលដើរកាត់នោះម្នាក់ទៀត ថតវាបាន។

ក្រោយការជូនដំណឹងពីប៉ូលីស លោក Ivan Dimitrov បាននិយាយថា នៅពេលដែលគាត់ធ្វើសកម្មភាពមិនគប្បីទាំងនោះ គឺគាត់មិនបានគិតដល់ពីអាយុកាលរបស់ប្រាសាទកូឡូសឺមនោះទេ។ លោក Dimitrov ក៏បានផ្ញើលិខិតធ្វើការសុំទោសទៅកាន់អភិបាលក្រុងរ៉ូម ដោយបានទទួលស្គាល់ថា គាត់បានយល់ពីភាពធ្ងន់ធ្ងរដែលគាត់បានបង្កឡើង។ គាត់បានសរសេរការសុំអភ័យទោសយ៉ាងវែងអន្លាយ និងបាននិយាយថា គាត់យល់ព្រមទទួលខុសត្រូវ ហើយគាត់ពិតជាមានការសោកស្ដាយចំពោះទង្វើយ៉ាងអាម៉ាស់របស់គាត់ខ្លាំងណាស់។ ឥឡូវនេះ មេធាវីរបស់លោក Dimitrov រំពឹងថា សំបុត្រសុំទោសមួយនោះ នឹងជួយកូនក្តីរបស់គាត់ឱ្យជៀសផុតពីទោសធ្ងន់ធ្ងរ។
ជម្រាបដែរថា ប្រាសាទកូឡូសឺម គឺជានិមិត្តសញ្ញាដ៏ល្បីល្បាញបំផុតមួយនៃអធិរាជរ៉ូម និងជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេសអ៊ីតាលី។ វាគឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលមានន័យថា វាត្រូវបានគេចាត់ទុកថា ជាកន្លែងដែលមានតម្លៃជាសកល។ ឧប្បត្តិហេតុនេះបានជំរុញឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ីតាលី និងទូទាំងពិភពលោក។ រដ្ឋមន្ត្រីក្រសួងវប្បធម៌អ៊ីតាលី លោក Gennaro Sangiuliano បាននិយាយថា វាជាការប្រមាថដល់មនុស្សគ្រប់រូបជុំវិញពិភពលោក ដែលកោតសរសើរចំពោះតម្លៃនៃបុរាណវត្ថុ បូជនីយដ្ឋាន និងប្រវត្តិសាស្ត្រ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






