តើ Bugatti នឹងដាក់បង្ហាញរថយន្តស៊េរីថ្មីរបស់ខ្លួនដែលមានល្បឿនលឿនជាងប្រភេទ Divo នៅក្នុងពិព័រណ៍រថយន្តទីក្រុងហ្សឺណែវ ឬយ៉ាងណា?
- BY
- autoadmin
- February 21, 2019
ដូចយើងធ្លាប់ដឹងមកហើយថា Bugatti មិនមែនមានត្រឹមតែ ១ម៉ាក ឱ្យជ្រើសរើសនោះទេ! ជាក់ស្ដែងគឺវាមានប្រភេទដូចជា៖ Chiron, Chiron Sport និង Divo។ ហើយកាលពីដើមខែនេះ Bugatti ក៏បានដាក់បង្ហាញនូវ special edition ពិសេសថ្មីនៃរថយន្តប្រភេទ Chiron Sport ដើម្បីប្រារព្ធខួបលើក ទី១១០ របស់ក្រុមហ៊ុន។ យ៉ាងណាក៏ដោយមានពាក្យចចាមអារ៉ាមបានលើកឡើងថា Bugatti គ្រោងនឹងបង្ហាញរថយន្តថ្មីរបស់ខ្លួនមួយទៀត ដែលជាលំនាំនៃប្រភេទ Chiron នៅឯពិព័រណ៍រថយន្តទីក្រុងហ្សឺណែវ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ហើយវានឹងក្លាយជាអ្វីដែលពិសេស។
ប្រភពដដែលក៏បានអះអាងថា រថយន្ដដែលនឹងត្រូវបង្ហាញខ្លួននោះ ធ្លាប់បានដំឡើងសម្រាប់តែលោក Ferdinand Piëch ដែលមានវ័យ ៨១ឆ្នាំ និងជាអតីតប្រធានក្រុមហ៊ុន Volkswagen Group ប៉ុណ្ណោះ ហើយវាមានតម្លៃ ១៨លានដុល្លារអាមេរិក។ រថយន្ត Hypercar ម៉ូដែលថ្មីរបស់ Bugatti នឹងត្រូវបំពាក់ដោយម៉ាស៊ីន W16 ទំហំ 8.0លីត្រ ដែលមាននៅក្នុង Chiron ដូចគ្នា។
ប៉ុន្តែយ៉ាងណាមិញការទន្ទឹងរង់ចាំមើលរូបរាងរបស់រថយន្ត Bugatti ម៉ូដែលថ្មីក៏បានឱ្យជាផ្លែផ្កាហើយ ដោយអ្នករចនាលោក Rain Prisk បានបង្ហាញអំពីរូបភាពរបស់វានៅក្នុងទំព័របណ្តាញសង្គមរបស់គាត់។ ខាងក្រោមនេះគឺជារូបភាពមួយចំនួននៃរថយន្ត Bugatti ដែលគេសង្ស័យថា អាចមានលំនាំជា Chiron ប៉ុន្តែជា Speedster Version នៃប្រភេទ Divo៖



អត្ថបទ៖ លីដា
ប្រភព៖ carbuzz
- Share This Post:






