ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន កុំប្រើប្រាស់សព្វាវុធមួយប្រភេទនេះក្នុងសង្រ្គាម ព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង

BY
Khmernote Media
July 10, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បាអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះ ពិត ប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។

ក្នុងសំណេរតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា «ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មាន យ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។

ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សឹបឆ្នាំឬដល់រយឆ្នាំទៀតផងប្រសិនគ្រាប់បែកចង្កោមនេះ យកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ី កាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែល ទទួលការទម្លាក់គ្រាប់បែកចង្កោមពី អាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់ ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។

ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយ ទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែនខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែល ជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់ បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: