អន្តរជាតិ

នារីប្តូរយេនឌ័រម្នាក់បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយបានឈ្នះមកុដបវរកញ្ញាប្រទេសហូឡង់ជាលើកដំបូងបំផុត

BY
autoadmin
July 10, 2023

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា នារីប្តូរយេនឌ័រម្នាក់ (transgender) បានគ្រងមកុដបវរកញ្ញាហូឡង់ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ហើយឥឡូវនេះ គាត់មានគម្រោងនឹងប្រកួតប្រជែងដណ្តើមមកុដបវរកញ្ញាចក្រវាលបន្ដទៀត។ Rikkie Valerie Kolle អាយុ ២២ឆ្នាំ បានបង្កើតប្រវត្តិសាស្ត្រថ្មីបំផុតមួយ បន្ទាប់ពីនាងបានឈ្នះការប្រកួតនៅក្នុងប្រទេសហូឡង់កាលពីថ្ងៃអាទិត្យ។ បវរកញ្ញា​ហូឡង់​ថ្មី​រូបនេះបាន​ពាក់​រ៉ូប​ពណ៌​ក្រហម ​ខណៈ​​ទទួល​មកុដ​ពី​អ្នក​កាន់​តំណែង​មុន គឺនាង Ona Moody និង​បវរកញ្ញា​ចក្រវាលអាមេរិក R’Bonney Gabriel។

បវរកញ្ញាចក្រវាលឆ្នាំ២០២៣ នឹងធ្វើឡើងនៅប្រទេសអែលសាល់វ៉ាឌ័រ ក្នុងខែធ្នូ បើទោះបីជាកាលបរិច្ឆេទពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ ហើយនឹងមានបេក្ខនារីមកពី ២៤ ប្រទេស ប្រជែងគ្នាដើម្បីដណ្ដើមតំណែងនេះ។ ដូច្នេះវានឹងធ្វើឱ្យ Rikkie Valerie Kolle ​ក្លាយ​ជា​នារី​ប្តូរយេនឌ័រ​ទី​២ ​ដែលធ្លាប់មានពីមុនមក សម្រាប់​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល។ ជម្រាបដែរថា បេក្ខនារី​ប្តូរយេនឌ័រ ​អាច​ប្រជែង​យក​មកុដ​តាំង​ពី​ឆ្នាំ​២០១២ មកម្ល៉េះ។ កាលពីឆ្នាំ២០១៨ នាង Angela Ponce មកពីប្រទេសអេស្បាញ បានក្លាយជានារីប្តូរភេទដំបូងគេ ដែលចូលរួមប្រកួតប្រជែងដណ្តើមយកតំណែងបវរកញ្ញាចក្រវាលដ៏ល្បីល្បាញ។ នាងបានប្រាប់ NBC នៅពេលនោះថា នាងមិននឹកស្មានដល់ ថានាងនឹងអាចប្រកួតដល់ដំណាក់កាលចុងក្រោយនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: