អន្តរជាតិ

ពលរដ្ឋកូរ៉េខាងត្បូងសម្រុកទិញអំបិលអស់ពីធ្នើ ក្រោយជប៉ុនចង់បង្ហូរទឹកវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលក្នុងសមុទ្រ

BY
autoadmin
July 10, 2023

អំបិលបានក្លាយជាទំនិញដែលលក់ដាច់បំផុតអស់ពីធ្នើ នៅក្នុងផ្សារទំនើបជាច្រើននៅទូទាំងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសជប៉ុនបានដាក់ចេញនូវគម្រោងបង្ហូរទឹកវិទ្យុសកម្ម ពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ។ អស់រយៈពេល ១ ខែកន្លងមកនេះ កូរ៉េខាងត្បូងបានជួបប្រទះ បញ្ហាកង្វះអំបិលសមុទ្រយ៉ាងធ្ងន់ធ្ងរ ខណៈដែលអ្នកដើរផ្សារបានព្យាយាមស្រវាទិញអំបិលឱ្យបានច្រើន។ អាជ្ញាធរជប៉ុន និងទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានទទូចថា ផែនការនេះគឺមានសុវត្ថិភាព បំពេញតាមស្តង់ដារអន្តរជាតិ និងត្រូវគ្នាទៅនឹងអ្វីដែលរោងចក្រនុយក្លេអ៊ែរធ្វើនៅជុំវិញពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ។

អាជ្ញាធរបាននិយាយថា ការបង្ហូរទឹកវិទ្យុសកម្មនេះគឺចាំបាច់ ដើម្បីបញ្ចប់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលបានរលាយក្នុងឆ្នាំ២០១១ បន្ទាប់ពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅក្នុងប្រទេសជប៉ុន។ រដ្ឋាភិបាលបាននិយាយថា ការបញ្ចេញទឹកសំណល់នឹងចាប់ផ្តើមនៅរដូវក្តៅនេះ ទោះបីជាវាមិនបានបញ្ជាក់កាលបរិច្ឆេទក៏ដោយ។ ប៉ុន្តែការធានាទាំងនេះរហូតមកដល់ពេលនេះ បានបរាជ័យក្នុងការបន្ធូរបន្ថយកង្វល់នៅក្នុងប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង ដែលអ្នកនេសាទនិយាយថា ការចិញ្ចឹមជីវិតរបស់ពួកគេស្ថិតក្នុងហានិភ័យ ហើយអ្នកស្រុកកំពុងស្តុកទុកអាហារ ព្រោះខ្លាចមានការចម្លងរោគ ក៏ដូចជាប្រទេសចិន ដែលកន្លងមកពួកគេបានហាមឃាត់ការនាំចូលអាហារពីតំបន់មួយចំនួននៅក្នុងប្រទេសជប៉ុន។

កង្វះខាតនេះគឺធ្ងន់ធ្ងរខ្លាំង ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវបង្ខំឱ្យមានការបញ្ចេញអំបិលសមុទ្រពីទុនបម្រុងផ្លូវការរបស់ខ្លួន ដើម្បីធ្វើឱ្យតម្លៃអំបិលមានស្ថិរភាព ខណៈតម្លៃបានកើនឡើងជាង ៤០% ចាប់តាំងពីខែមេសា នេះបើយោងតាមសមាគមផលិតអំបិលរបស់ប្រទេស។ រដ្ឋាភិបាល​ក៏​បានអះអាងផង​ដែរ​ថា អាកាសធាតុ​មិន​ល្អ ​បាន​ប៉ះពាល់​ដល់​ផលិតកម្ម​អំបិល និង​ដើរ​តួសំខាន់ក្នុង​ការ​ឡើង​ថ្លៃនេះ។ វាមិនមែនត្រឹមតែបញ្ហាកង្វះអំបិលនោះទេ អាហារសមុទ្រទូទៅ និងជីវភាពរបស់អ្នកនេសាទ នឹងស្ថិតក្រោមហានិភ័យដោយសារទឹកវិទ្យុសកម្មទាំងអស់៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: