ព័ត៌មានជាតិ

ជនដៃឆើត៣នាក់ ឆក់កាបូបស្ពាយពីនារីបរទេស កំពុងជិះម៉ូតូបានសម្រេច ត្រូវកម្លាំងសមត្ថកិច្ចជំនាញធ្វើការប្រដេញ និងឃាត់ខ្លួនបានភ្លាមៗ

BY
Khmernote Media
July 10, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៣៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៣នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចមុខក្លោងទ្វារវត្តសន្សំកុសល ផ្លូវលេខ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមាន៖

*ទី១៖ ឈ្មោះ ខន ហ្វីលីប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ជាជនដៃដល់)។
*ទី២៖ ឈ្មោះ គឹម វុទ្ធា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ក្នុងសង្កាត់ចាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(អ្នកបើក)។
*ទី៣៖ ឈ្មោះ ចាន់ រ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមច័ន្ទ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្ភារដកហូតមាន៖
១. ម៉ូតូហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AO-៨១៣១(របស់ជនសង្ស័យ)។
២. ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KF-១៩៩៩(របស់ជនសង្ស័យ)។
៣. កាបូបស្ពាយដាច់ខ្សែ ពណ៌ខ្មៅ (របស់នារីរងគ្រោះ)។ ចំពោះកាបូបដែលជនសង្ស័យទាំង០៣នាក់ខាងលើ ឆក់បាន កម្លាំងនាយកដ្ឋានបានប្រគល់ទៅអោយម្ចាស់ដើមគេវិញ ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

Share This Post: