អន្តរជាតិ

មានអីចឹងទៀត! គ្រាន់តែរឿងសញ្ញាមេដៃ ធ្វើឱ្យម្ចាស់ចម្ការម្នាក់ត្រូវបង់ប្រាក់សងជំងឺចិត្តទៅកាន់អ្នកទិញ ៦១,០០០ ដុល្លារអាមេរិក

BY
autoadmin
July 10, 2023

កាលពីពេលថ្មីៗនេះ ចៅក្រមនៅក្នុងប្រទេសកាណាដា បានសម្រេចចិត្តបង្គាប់ឱ្យម្ចាស់ចម្ការម្នាក់ត្រូវបង់ប្រាក់សងជំងឺចិត្ត ៨២,២០០ ដុល្លារកាណាដា ឬប្រមាណ ៦១,០០០ ដុល្លារអាមេរិក បន្ទាប់ពីម្ចាស់ចម្ការម្នាក់នោះ បានផ្ញើសញ្ញាមេដៃ (👍) ទៅក្នុងសារសន្ទនាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញ/លក់ រវាងរូបគាត់ និងអ្នកទិញរបស់គាត់។ នៅក្នុងការសន្ទនាមួយនោះ ភាគីអ្នកទិញបានសុំឱ្យគាត់បញ្ជាក់ពីកិច្ចព្រមព្រៀងរបស់ពួកគេ ប៉ុន្តែម្ចាស់ចម្ការបានត្រឹមតែផ្ញើសញ្ញាមេដៃ ដែលធ្វើឱ្យអ្នកទិញយល់ច្រឡំថា ម្ចាស់ចម្ការបានយល់ព្រមលើកិច្ចព្រមព្រៀងមួយនោះ។ លុះរហូតដល់ថ្ងៃត្រូវទទួលទំនិញ អ្នកទិញរបស់គាត់មិនបានទទួលទំនិញតាមកំណត់នោះទេ។

រឿងរ៉ាវបានកើតឡើង នៅពេលដែលលោក Chris Achter ដែលជាម្ចាស់ចម្ការដំណាំគ្រាប់ flax នៅក្រុង Swift Current នៃខេត្ត Saskatchewan របស់ប្រទេសកាណាដា បានផ្ញើសញ្ញាមេដៃ ទៅលោក Kent Mickleborough ដែលជាអ្នកទិញគ្រាប់ធញ្ញជាតិពីគាត់ ក្រោយពេលដែលលោក Mickleborough បានស្នើសុំឱ្យម្ចាស់ចម្ការរូបនោះ ជួយបញ្ជាក់ពីកិច្ចព្រមព្រៀងទិញលក់គ្រាប់ flax ចំនួន ៨៧ តោន របស់ភាគីទាំង២ កាលពីឆ្នាំ២០២១។ លោក Chris Achter បានត្រឹម​តែឆ្លើយតប​នឹង​រូប​សញ្ញាមេដៃ ហើយលោក Kent Mickleborough មិនបានទទួលទំនិញទេចាប់តាំងពីពេលនោះមក។ ការពិតទៅម្ចាស់ចម្ការរូបនោះ ដាក់សញ្ញាមេដៃចោលប៉ុណ្ណោះ មិនបានច្បាស់លាស់ជាមួយអ្នកទិញឡើយ ប៉ុន្តែអ្នកទិញយល់ថា នេះជាសញ្ញា «យល់ព្រម»។

លោក Kent Mickleborough ក៏បានដាក់បណ្ដឹងទៅអង្គចៅក្រមលោក T.J. Keene នៃតុលាការ Court of King’s Bench ក្នុងខេត្ត Saskatchewan។ លោក Mickleborough បាននិយាយថា រូបសញ្ញាមេដៃនោះគឺជាប្រៀបដូចជាការបញ្ជាក់ពីកិច្ចព្រមព្រៀងរវាងអ្នកទាំង២ ហើយនៅក្នុងការសន្ទនាក្នុងប្រព័ន្ធឌីជីថលរបស់ពួកគេ គាត់ក៏បានភ្ជាប់ជាមួយនឹងរូបថតនៃកិច្ចសន្យាទិញ-លក់ នោះផងដែរ។ ពាក្យបណ្ដឹងរបស់លោក Mickleborough បានអូសបន្លាយ រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ទើបតុលាការ Court of King’s Bench សម្រេចចិត្តថា លោក Chris Achter ត្រូវបង់ថ្លៃខូចខាត ដោយសារគាត់មិនបានបំពេញទៅតាមលក្ខខណ្ឌនៅក្នុងកិច្ចសន្យា៕

គ្រាប់ flax

អត្ថបទ៖ លីដា
ប្រភព៖ USA Today

Share This Post: