ព័ត៌មានជាតិ

ឃាត់ខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ចំនួន ៣រូប បញ្ជូនទៅតុលាការ

BY
Khmernote Media
July 11, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាន បានសហការជាមួយកម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣រូប ដែលកំពុងធ្វើសកម្មភាពគំរាមកំហែងជនរងគ្រោះ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ និងបាននាំមកនាយកដ្ឋានដើម្បីសាកសួរបន្ត។

បន្ទាប់ពីសាកសួរជនសង្ស័យទាំង៣ បានសារភាពថាខ្លួនបានបម្រើការ ជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ហើយខ្លួនបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ ដែលជារឿយៗតែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា។ នាយកដ្ឋានបានរកឃើញផងដែរថាក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ។

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានបានបញ្ជូនជនសង្ស័យទាំង៣ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្តទៀត។ យោងតាមការប្រកាសរវាងអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថានឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះការផ្ដល់ឥណទានខុសច្បាប់និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។

សេចក្តីប្រកាសរួមក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវជៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិ និងដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលាសូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនិងសកម្មភាពផ្ដល់ឥណទានខុសច្បាប់ រាយការណ៍មកធនាគារជាតិកម្ពុជា តាមរយៈលេខទូរសព្ទចំនួន ប្រាំខ្សែរនេះ៖ ០៨៨ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០ ៕

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Share This Post: