ក្រុមជំពាមកៅស៊ូ បា.ញ់កញ្ចក់រថយន្តនៅលើផ្លូវល្បឿនលឿន ដែលជាបក្ខពួកសេសសល់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ
- July 11, 2023
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មុខសញ្ញាគប់កញ្ចក់រថយន្ដនិងបាញ់កញ្ចក់រថយន្ដនៅលើផ្លូវល្បឿនលឿនដែលជាបក្ខពួកសេសសល់ម្នាក់រត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនបានហើយ កាលពីយប់ថៃ្ងទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្របពេលមុខសញ្ញាគ្រោងរៀបចំផែនការឡើងផ្លូវបន្ដ។

សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ដោយមានវិធានការច្បាស់ពីកំលាំងផ្ដល់ព័ត៌មាន កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយប៉ុស្ដិ៍ត្រពាំងគង បានឃាត់ខ្លួនមុខសញ្ញាឈ្មោះ ព្រំ គឿន ហៅពន្លក ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បញ្ជាក់ថាមុខសញ្ញាឈ្មោះព្រំ គឿន ហៅពន្លក ជាបក្ខពួកបានធ្វើសកម្មភាពរត់គេចបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកបានម្នាក់នឹងបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពយកជំពាមកៅស៊ូបាញ់កញ្ចក់រថយន្ត នៅចំណុចខាងលិចស្ពានផ្លូវល្បឿនលឿន និងបានរត់គេចក្រោយពីការឃាត់ខ្លួនឈ្មោះ ឈឿម ដែន និងថាខ្លួនពិតជាអ្នកធ្វើសកម្មភាពរួមគ្នាពិតប្រាកដមែន។ ជាក់ស្ដែងមុខសញ្ញាឈ្មោះ ឈឿម ដែន ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺ រួចហើយ ៕




- Share This Post:






