ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងប្រមាណជាង ៣០០គ្រឿង សម្រាប់ដឹកជញ្ជូនកម្មករ-កម្មការិនីទៅបោះឆ្នោតនៅតាមបណ្តាខេត្ត

BY
Khmernote Media
July 11, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសំឡេងក្នុងតេឡេក្រាមរបស់សម្តេចតេជោ បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងប្រមាណជាង ៣០០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោតនៅតាមបណ្តាខេត្ត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « នៅថ្ងៃបោះឆ្នោតខាងមុននេះ ដើម្បីសម្រួលដល់កម្មករ-កម្មការិនីរបស់យើង សម្រាប់ធ្វើដំណើរទៅកាន់ស្រុកកំណើត​ចូលរួមបោះឆ្នោត ខ្ញុំបញ្ជាឱ្យឯកឧត្តម អភិបាលរាជធានីភ្នំពេញ ធ្វើការបញ្ចេញរថយន្តក្រុងក្នុងរង្វង់ពី ៣០០គ្រឿង ទៅ ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ-កម្មការិនី ទៅតាមបណ្ដាខេត្តសម្រាប់ធ្វើការបោះឆ្នោត។»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ «សម្រាប់ការបញ្ចេញរថយន្តក្រុងនេះ គឺធ្វើឡើងដោយគ្មានការរើសអើង ទៅលើគណបក្សនយោបាយណាមួយនោះទេ ដូច្នេះមិនមែនជាការទិញដូរ សន្លឹកឆ្នោតនោះឡើយ យើងដឹកគ្រប់និន្នាការនយោបាយ ហើយយើងដឹកដោយគ្មានការរើសអើងនោះទេ ដូច្នេះនេះមិនមែនជាការសូកប៉ាន់ សម្រាប់ការដោះដូរជាមួយសន្លឹកឆ្នោតនោះទេ។»

សម្តេចតេជោ ហ៊ុន សែន សូមស្នើឱ្យមានការរៀបរយច្បាស់លាស់សម្រាប់ខេត្តណា តម្រូវការប៉ុន្មាន ត្រូវបែងចែកចំនួនកម្មករ-កម្មការិនី ដែលមកធ្វើការនៅទីក្រុងភ្នំពេញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើការជាមួយសាលារាជធានីភ្នំពេញ ដើម្បីបែងចែកទៅតាមផ្លូវ ដែលមានកម្មករ-កម្មការិនីច្រើនធ្វើការនៅភ្នំពេញ ដែលអាចនឹងច្រើនមានក្នុង ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ធំ រឺខេត្តដទៃទៀត។ ចំពោះការដឹកជញ្ជូននេះ គឺគ្មានការយកថ្លៃណាមួយឡើយ ដូច្នេះ ខ្ញុំសូមស្នើឱ្យសាលារាជធានីភ្នំពេញ ត្រៀមរៀបចំពីឥឡូវ​ ដើម្បីរៀបចំអ្នកបើកបរត្រឹមត្រូវ ជាមួយនឹងការយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់កម្មករ-កម្មការិនី ដែលត្រូវធ្វើដំណើរទៅចូលរួមបោះឆ្នោត។

សម្តេចតេជោ សង្ឃឹមថា ការដឹកជញ្ជូននេះ នឹងបន្ថូរបន្ថយការលំបាក និងការកកស្ទះចរាចរណ៍ ឬខ្វះមធ្យោបាយធ្វើដំណើរ ដូច្នេះដើម្បីលើកទឹកចិត្ត និងសម្រួលឱ្យអ្នកចូលរួមបោះឆ្នោតទាំងអស់ គឺត្រូវបញ្ចេញរថយន្តក្នុងរង្វង់ពី ៣០០ ទៅ៣៥០គ្រឿង សម្រាប់បម្រើឱ្យការងារនេះ ហើយពេលដែលដឹកទៅ ក៏ត្រូវតែដឹកត្រឡប់មកវិញ ដោយនៅថ្ងៃទី២២ ចាកចេញ ហើយថ្ងៃទី២៤ គឺវិលត្រឡប់ ធ្វើយ៉ាងឱ្យអ្នកបើកបររថយន្តបានទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដានេះផងដែរ ៕

Share This Post: