អន្តរជាតិ

នាយក​រដ្ឋមន្ត្រី​ផុត​អាណត្ដិរបស់ថៃ ប្រាយុទ្ធ ចាន់អូចា បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ

BY
autoadmin
July 11, 2023

នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិរបស់ប្រទេសថៃ គឺលោក ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារនេះ​ថា លោក​នឹងចាកចេញពីឆាកនយោបាយ ហើយ​លាលែង​ពី​តំណែង​ជា​សមាជិកនៃ​គណបក្សរួមថៃសាងឆាត (United Thai Nation) នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សនៅលើទំព័រហ្វេសប៊ុក។ លោក​ក៏បាន​សម្តែង​នូវ​បំណង​ចង់​ឱ្យថ្នាក់ដឹកនាំ និង​សមាជិកនៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ ក៏ដូចជា​សមាជិក​បក្ស​ ត្រូវតែបន្ត​សកម្មភាព​នយោបាយ​ដោយ​មនោគមវិជ្ជា​រឹងមាំ ទន្ទឹមនឹង​ការការពារ​ស្ថាប័ន​ប្រទេស និង​ថែរក្សា​ប្រជាជន​ថៃ​។

គណបក្ស​ United Thai Nation ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ៤,៧៦៦,៤០៨ សំឡេង ដែលស្មើ ១២.៥២% នៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោត នាពេលកន្លងទៅ។ ប្រការនេះបានអនុញ្ញាតឱ្យបក្សមានបេក្ខភាពចំនួន ១៣នាក់ និងសមាជិកសភាទាំងមូលចំនួន ៣៦ នាក់ ដែលចាត់ទុកអាចថា វាល្អសម្រាប់គណបក្សដែលទើបតែបង្កើតឡើងថ្មីៗ។ លោកក៏ស្នើឱ្យប្រជាពលរដ្ឋបន្តគាំទ្រការងាររបស់គណបក្ស និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានគាំទ្រគណបក្ស និងរូបលោកក្នុងការបោះឆ្នោតសកល កាលពីខែឧសភា។

លោក ប្រាយុទ្ធ បាននិយាយថា៖«ខ្ញុំសម្រេចចិត្តចូលជាសមាជិកគណបក្ស United Thai Nation ព្រោះខ្ញុំចង់បានគណបក្សមួយប្រកបដោយគុណភាព មានមនោគមវិជ្ជារឹងមាំ ស្រឡាញ់ប្រទេសជាតិ សាសនា និងព្រះមហាក្សត្រ ហើយជាសសរទ្រូង សម្រាប់ជាតិនាពេលអនាគត»។ លោកមានការគោរពចំពោះការយោគយល់ អាណិតអាសូរ និងទំនុកចិត្តពីប្រជាពលរដ្ឋ ដោយបានបន្ថែមថា ទាំងនេះគឺជាបទពិសោធន៍ដ៏មានតម្លៃដែលគាត់មិនអាចបំភ្លេចបាន។ លោកថា ក្នុងរយៈពេល ៩ឆ្នាំ ជានាយករដ្ឋមន្ត្រីថៃ លោកបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីនាំមកនូវភាពរីកចម្រើនដល់ប្រទេសជាតិ និងសាធារណៈជន៕

អត្ថបទ៖ លីដា
ប្រភព៖ Thai PBS world

Share This Post: