អន្តរជាតិ

ទឹកជំនន់​ជោកជាំនៅ​ក្នុងប្រទេសជប៉ុន បានបណ្ដាលឱ្យមនុស្សចំនួន ៣នាក់ ត្រូវបាត់បង់ជីវិត និង ៣នាក់ ផ្សេងទៀតបាត់ខ្លួន

BY
autoadmin
July 12, 2023

យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅក្នុងទឹកជំនន់នៅភាគនិរតីនៃប្រទេសជប៉ុន ដែលបណ្តាលមកពីភ្លៀងអាក្រក់បំផុតមិនធ្លាប់មានក្នុងតំបន់។ ទឹកទន្លេបានជោរជន់ ហើយជម្រាលភ្នំបានបាក់ ខណៈដែលបរិមាណទឹកភ្លៀង បានវាយប្រហារផ្នែកខ្លះនៃកោះ Kyushu ។ ទីភ្នាក់ងារអាកាសធាតុជាតិបានកត់ត្រាទឹកភ្លៀង ៤០២.៥ មីល្លីម៉ែត្រ នៅទីក្រុង Kurume កាលពីថ្ងៃចន្ទ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងទីក្រុង។ ផ្លូវថ្នល់ និងបណ្តាញអគ្គិសនីត្រូវបានកាត់ផ្តាច់ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញ ខណៈដែលមានភ្លៀងធ្លាក់បន្ថែមទៀតត្រូវបានរំពឹងទុក។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក Hirokazu Matsuno បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៣ ​នាក់​បាន​ស្លាប់ ​ក្នុង​គ្រោះ​ទឹក​ជំនន់ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង។ មនុស្ស ៣នាក់ ផ្សេងទៀតបានបាត់ខ្លួន នៅក្នុងតំបន់ដាច់ស្រយាលមួយចំនួននៃកោះនេះ។ លោក Matsuno បាននិយាយថា៖«យើងសូមចូលរួមរំលែកទុក្ខចំពោះអ្នកដែលបានស្លាប់ និងមានការសោកស្ដាយចំពោះអ្នកដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ»។ លោក​បាន​បន្ត​ថា ភ្លៀង​ធ្លាក់​បាន​ជំរុញ​ឱ្យ​មាន​ការ​ជូន​ដំណឹង​ពីការជម្លៀស​សម្រាប់​ប្រជាជន​រាប់​សែន​នាក់ និង​សហគមន៍​ដាច់​ស្រយាល​នៅ​តែ​ត្រូវ​បាន​កាត់​ផ្តាច់​ដោយ​ទឹក​ជំនន់ និង​ការ​ខូច​ខាត​ផ្សេង​ទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: