ត្រឹមរយៈពេលជិត ៣ឆ្នាំ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Jack Ma បានថយចុះនៅសល់ ៣០ ពាន់លានដុល្លារប៉ុណ្ណោះ
- BY
- autoadmin
- July 12, 2023
មហាសេដ្ឋីលោក Jack Ma បានជួបបញ្ហាមិនធ្លាប់មានពីមុនមក ចាប់តាំងពីការរិះគន់របស់គាត់ចំពោះទីក្រុងប៉េកាំង ដែលវាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុន និងទ្រព្យសម្បត្តិរបស់គាត់ នេះបើតាមការចុះផ្សាយរបស់ Business Insider។ ជាក់ស្ដែង កាលពីសប្ដាហ៍មុន ធនាគារកណ្តាលរបស់ប្រទេសចិន បានប្រកាសពីការផាកពិន័យចំនួន ៧.១២ ពាន់លានយ័ន ឬ ៩៨៥ លានដុល្លារអាមេរិក ទៅលើក្រុមហ៊ុន Ant Group ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំមួយ ដំណើរការកម្មវិធីទូទាត់ប្រាក់ Alipay ហើយការបង្រ្កាបទាំងអស់នោះ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃទីផ្សារក្រុមហ៊ុនដែលគាត់មានភាគហ៊ុនជាមួយ និងទ្រព្យសម្បត្តិរបស់លោក Ma ផ្ទាល់តែម្ដង។

គិតត្រឹមថ្ងៃពុធនេះ លោក Ma មានទ្រព្យសម្បត្តិ (Net worth) ត្រឹមតែ ៣០ ពាន់លានដុល្លារប៉ុណ្ណោះ ដែលជាការធ្លាក់ចុះអស់ពាក់កណ្ដាល បើប្រៀបធៀបនឹងកាលពីខែតុលា ឆ្នាំ២០២០ ដែលមាន ៦១.២ ពាន់លានដុល្លារ នៅមុនពេលអាជ្ញាធរចិនបើកការបង្ក្រាបលើក្រុមហ៊ុនបច្ចេកវិទ្យា នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg។
ការបាត់បង់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ បានកើតឡើងនៅក្រោយការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនទាំងនៅ Alibaba និង Ant Group ដែលលោក Ma មានភាគហ៊ុនយ៉ាងច្រើននៅទីនោះ។ ភាគហ៊ុន Alibaba នៅក្នុងទីផ្សារភាគហ៊ុន New York បានបិទទៅវិញ នៅក្នុងតម្លៃត្រឹម ៩១.៧៩ ដុល្លារ/ភាគហ៊ុន កាលពីថ្ងៃអង្គារ ប៉ុន្តែវាជាការធ្លាក់ចុះប្រហែល ៧០% ធៀបនឹងតម្លៃកំពូលក្នុងខែតុលា ឆ្នាំ២០២០។ ចំណែកក្រុមហ៊ុន Ant Group ឥឡូវនេះ មានតម្លៃសរុបប្រហែល ៧៨.៥ ពាន់លានដុល្លារ ដែលជាការថយចុះរហូតដល់ ៧៥% ពីតម្លៃដើម ៣១៥ ពាន់លានដុល្លារ នៅក្នុង IPO ដែលត្រូវបានរំសាយចោល នៅមុនពេលការបង្ក្រាបរបស់ទីក្រុងប៉េកាំង៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider
- Share This Post:






