ក្រុមអេឡិចត្រូនិកកម្ពុជាដណ្តើមបានលេខ៣ ក្នុងព្រឹត្តិការណ៍អាស៊ី នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត
- July 14, 2023
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជាលើវិញ្ញាសា Mobile Legend Bang Bang ទទួលបានចំណាត់ថ្នាក់លេខ៣ កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអាស៊ី (IESF Gamers8 Asian Championship) ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលដឹកនាំក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជាចូលរួមប្រកួតនៅទីនោះបានបញ្ជាក់មកថា ការប្រកួតដែលធ្វើនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃទី០៨ ដល់ទី១៤ ខែកក្កដានេះ មានក្រុមជម្រើសជាតិចំនួន៨ចូលរួមប្រកួតសម្រាប់វិញ្ញាសា MLBB នេះ។ ចំពោះក្រុមអ្នកចម្បាំងអង្គរប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូលA បានឈ្នះជម្រើសជាតិអារ៉ាប់រួម ដោយលទ្ធផល ២-០ ហើយការប្រកួតទី២បានចាញ់ម៉ុងហ្គោលី ០-២ ប៉ុន្តែប្រកួតទី៣បានយកឈ្នះជម្រើសជាតិនេប៉ាល់ ២-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងពូល A។
នៅវគ្គខ្វែង Upper Bracket ក្រុមជម្រើសជាតិកម្ពុជាបានចាញ់ដោយលទ្ធផល ០-២ ក្រោមស្នាក់ដៃជម្រើសជាតិ ហ្វីលីពីន។ បន្ទាប់មក ជម្រើសជាតិកម្ពុជាបានប្រកួតឈ្នះកាហ្សាក់ស្ថាននៅវគ្គ Lower Bracket ដោយលទ្ធផល ២-០ ដើម្បីបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលវគ្គនេះ ក្រុមកម្ពុជាបានចាញ់ម៉ុងហ្គោលី ១-២ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ដោយទទួលបានប្រាក់រង្វាន់២ពាន់ដុល្លារអាម៉េរិក។
ចំណែក ហ្វីលីពីនបានក្លាយជាជើងឯកដោយទទួលបានប្រាក់រង្វាន់៧ពាន់ដុល្លារអាម៉េរិក បន្ទាប់ពីបានយកឈ្នះដោយលទ្ធផល ៣-០ លើម៉ុងហ្គោលី ដែលទទួលបានចំណាត់ថ្នាក់លេខ២ ដែលទទួលបានប្រាក់រង្វាន់ ៣,៥ពាន់ដុល្លារអាម៉េរិក។ សម្រាប់ព្រឹត្តិការណ៍ប្រកួត IESF Gamers8 Asian Championship ឆ្នាំ២០២៣នេះគឺជាផ្នែកមួយនៃវគ្គជម្រុះជម្រើសជាតិប្រចាំតំបន់អាស៊ីដើម្បីជ្រើសរើសយក៥ក្រុមទៅព្រឹត្តិការណ៍ប្រកួតពិភពលោកលើកទី១៥ (15th WE Championship) នៅប្រទេសរ៉ូម៉ានី នាចុងខែសីហាខាងមុខ។
ក្រុមជម្រើសជាតិកម្ពុជាបានកក់កៅអីទៅប្រកួត 15th WE Championship ដែលស្ថិតក្នុងចំណោមក្រុម៥ រួមមានដូចជា ហ្វីលីពីន ម៉ុងហ្គោលី កាហ្សាក់ស្ថាន និងក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត (លេខ៣ល្អបំផុតនៅវគ្គសន្សំពិន្ទុក្នុងពូល)។
សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជូនកីឡាករ៥រូប និងគ្រូបង្វឹក១រូប ដែលដឹកនាំដោយលោក ជាន ចាន់រ៉ា អគ្គលេខាធិការរងសហព័ន្ធដើម្បីចូលរួមប្រកួត IESF Gamers8 Asian Championship កាលពីថ្ងៃទី០៨ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅចុងខែសីហាខាងមុខ ក្រុមជម្រើសជាតិកម្ពុជាអ្នកចម្បាំងអង្គរនឹងធ្វើដំណើរទៅប្រទេសរ៉ូម៉ានីដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោកលើកទី១៥៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






