អបអរសាទរ! សិស្សឆ្នើមកម្ពុជា១រូប ប្រឡងជាប់លេខ១ កម្រិតសកលលោក ទទួលបានមេដាយមាសមួយគ្រឿង លើវិញ្ញាសាគណិតវិទ្យាអន្តរជាតិ
- July 14, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ យុវតី គា ឆរីតា ដែលបានប្រឡងជាប់លេខ១ កម្រិតសកលលោក និងទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសា គណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Mathematics Contest 2023។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ សាលាអន្ដរជាតិ CIA FIRST នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បានឲ្យដឹងថា កម្មវិធីខាងលើនេះ គឺរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
ការប្រកួតនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្ដល់ឱកាសដល់សិស្សានុសិស្ស មកពីសាលារដ្ឋ និងឯកជន ក្នុងប្រទេសកម្ពុជា មានឱកាសវាស់ស្ទង់សមត្ថភាពរបស់ខ្លួន និងរៀនសូត្រ ព្រមទាំងដកស្រង់បទពិសោធន៍ពីភាពជោគជ័យ នៃបណ្តាប្រទេសនានាជុំវិញពិភពលោក។ នេះជាលើកទី៤ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតនេះ និងជាលើកទី២ ដែលសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចូលរួម។
តាមការបញ្ជាក់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា ការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Mathematics Contest 2023 នេះគឺជាការប្រកួតលំដាប់អន្តរជាតិ ដែលត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ និងមានសិស្សានុសិស្ស ចូលរួមសរុបប្រមាណជាជាង៨០,០០០នាក់ មកពី៤២ប្រទេស ជុំវិញពិភពលោក នៅឆ្នាំ២០២៣នេះ ៕


ប្រភព៖ Hun Manet – C.O.Army Office
- Share This Post:






