អន្តរជាតិ

ប្រទេសអ៊ីតាលី​បានទាញអាសន្ន​ពណ៌​ក្រហមសម្រាប់​ទីក្រុង​ជាច្រើន ខណៈ​រលកកម្ដៅ​​បន្ត​វាយប្រហារតំបន់​អឺរ៉ុប​

BY
autoadmin
July 15, 2023

អ៊ីតាលី​ប្រកាស​អាសន្ន​ពណ៌​ក្រហមសម្រាប់​ទីក្រុង​ចំនួន ១៦ នៅ​ទូទាំងប្រទេស​ ខណៈ​កម្ដៅ​ក្ដៅខ្លាំង​បន្ត​ប៉ះពាល់​ដល់តំបន់ជាច្រើននៅ​អឺរ៉ុប​ខាង​ត្បូង។ សញ្ញា​អាសន្ន​ ដែលនឹងប៉ះពាល់សូម្បីតែចំពោះមនុស្សមានសុខភាពល្អ ត្រូវបានអនុវត្តចំពោះតំបន់ទេសចរណ៍នានា រួមមានទីក្រុងរ៉ូម ហ្វ្ល័ររីន និងបូឡូណា សម្រាប់ថ្ងៃខាងមុខ។ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បាននិយាយថា ប្រទេសអ៊ីតាលី អេស្បាញ បារាំង អាល្លឺម៉ង់ និងប៉ូឡូញ អាចនឹងឃើញសីតុណ្ហភាពកាន់តែធ្ងន់ធ្ងរ នៅពេលដែលរលកកម្ដៅមួយផ្សេងទៀតនឹងខិតជិតមកដល់។

កម្ដៅក្ដៅខ្លាំងកើតឡើងតាមលំនាំអាកាសធាតុធម្មជាតិ ប៉ុន្តែនៅទូទាំងពិភពលោក ពួកវាកាន់តែមានញឹកញាប់ កាន់តែខ្លាំង និងកាន់មានរយៈពេលយូរជាងមុន ដោយសារការឡើងកម្ដៅផែនដី។ រដ្ឋាភិបាលអ៊ីតាលីបានណែនាំអ្នកនៅក្នុងតំបន់ពណ៌ក្រហម នៅថ្ងៃសៅរ៍នេះ ត្រូវជៀសវាងពន្លឺព្រះអាទិត្យដោយផ្ទាល់ នៅចន្លោះម៉ោង ១១:០០ ដល់ ១៨:០០ ហើយត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះមនុស្សចាស់ ឬដែលងាយរងគ្រោះ។

ទន្ទឹមនឹងនេះ ប្រទេសក្រិចក៏បានឈានដល់សីតុណ្ហភាព ៤០ អង្សា ឬច្រើនជាងនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ តំបន់ Acropolis ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេស ក៏ត្រូវបានបិទក្នុងអំឡុងពេលម៉ោងក្តៅបំផុតនៅថ្ងៃសុក្រ ដើម្បីការពារភ្ញៀវទេសចរ។ សីតុណ្ហភាព​ខ្ពស់​ក៏​បាន​និង​កំពុង​ឈាន​ដល់​ផ្នែក​កណ្តាល​នៃ​ទ្វីបអឺរ៉ុប ដោយ​មាន​ប្រទេស​អាល្លឺម៉ង់ និង​ប៉ូឡូញ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ផលប៉ះពាល់ជាងគេ។

ចំណែកការិយាល័យឧតុនិយមនៃសាធារណរដ្ឋឆេកបានចេញការព្រមានថា សីតុណ្ហភាពនៅចុងសប្តាហ៍អាចឡើងលើសពី ៣៨ អង្សា ដែលជាកម្រិតខ្ពស់ខ្លាំងសម្រាប់ប្រទេសនេះ។ យ៉ាង​ណា​មិញ នៅ​ចក្រភព​អង់គ្លេស ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់​ខ្លាំង​ ត្រូវ​បាន​គេ​រំពឹង​ទុក​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​សៅរ៍៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: