BREAKING! លោក Pita Limjaroenrat នឹងលាលែងពីតំណែងដើម្បីបើកឱ្យគណបក្សភឿថៃ ធ្វើជាប្រធានគណបក្សចម្រុះ និងប្រជែងជានាយករដ្ឋមន្ត្រីថ្មី
- BY
- autoadmin
- July 15, 2023
បេក្ខភាពតែមួយគត់សម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃ Pita Limjaroenrat បាននិយាយថា លោកសុខចិត្តចុះចេញពីតំណែង ហើយអនុញ្ញាតឱ្យដៃគូចម្រុះរបស់គាត់ គឺគណបក្សភឿថៃ ធ្វើជាអ្នកដឹកនាំគណបក្សចម្រុះ និងបង្កើតរដ្ឋាភិបាលថ្មី ប្រសិនបើគាត់បរាជ័យក្នុងការប៉ុនប៉ងលើកទី២ ដើម្បីទទួលបានតំណែងជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ក្នុងសារវីដេអូមួយដែលត្រូវបានបង្ហោះនៅរសៀលថ្ងៃសៅរ៍ មុននេះបន្ដិច លោក Pita បាននិយាយថា លោកនឹងបន្តធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលដែលសភាជួបប្រជុំម្តងទៀតនៅថ្ងៃពុធសប្ដាហ៍ក្រោយ។ លោកនឹងបន្ដតស៊ូនៅក្នុងសមរភូមិនេះ ដើម្បីឱ្យសំឡេងរបស់ប្រជាពលរដ្ឋទទួលបានការគោរពនៅក្នុងសភាទាំង ២។ ប្រសិនមិនអាចជោគជ័យ គាត់នឹងចុះចេញពីតំណែងក្នុងនាមជាប្រធានគណបក្សចម្រុះ ហើយបើកឱ្យគណបក្សភឿថៃជាអ្នកកាន់តំណែងបន្ដ ដើម្បីគោរពទៅតាមអនុស្សរណៈនៃការយោគយល់គ្នារបស់ពួកគេ។
រំលឹកដែរថាមេដឹកនាំអាយុ ៤២ឆ្នាំ របស់គណបក្សគណបក្សឆ្ពោះទៅមុខរូបនេះ បានបរាជ័យនៅក្នុងការទទួលបានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភា នៅក្នុងការប៉ុនប៉ងលើកដំបូងរបស់គាត់ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ៕
អត្ថបទ៖ លីដា
ប្រភព៖ Bloomberg / គណនីហ្វេសប៊ុក Pita Limjaroenrat
- Share This Post:






