ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះផ្សារអន្តរជាតិលក់សម្ភារសំណង់ចិនមួយកន្លែង ក្នុងខណ្ឌសែនសុខ, កម្លាំងនគរបាលប្រើឡានទឹកអស់ជិត ៥១គ្រឿង ទើបគ្រប់គ្រងបានទាំងស្រុង

BY
Khmernote Media
July 17, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ផ្សារអន្តរជាតិលក់សម្ភារសំណង់ចិន មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ក្នុងនោះបានបណ្តាលឲ្យឆេះរាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិច និងហាងលក់ជ័រការពារជំរាបទឹកខូចខាតសម្ភារមួយចំនួន ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការចុះជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្សារអន្តរជាតិលក់សម្ភារសំណង់ចិន តាមបណ្តោយផ្លូវហាណូយ (១០១៩) ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា ដោយទទួលបានលេខទូរស័ព្ទ Hotline របស់ការិយាល័យពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្សារអន្តរជាតិលក់សម្ភារសំណង់ចិនយ៉ាងសន្ធោសន្ធៅ ភា្លមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅឲ្យជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យើង បានធ្វើការអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា ក្នុងនោះបានបណ្តាលឲ្យឆាបឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុង សង់អំពី ដែកប្រក់សង្កីសី ទំហំ (៥ម៉ែត្រ គុណ ២៥ម៉ែត្រ) នឹងឆេះរាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិច ព្រមទាំងហាងលក់ជ័រការពារជំរាបទឹកខូចខាតសម្ភារៈមួយចំនួន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបានបន្តទៀតថា អគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៦និង៣០នាទីព្រឹកនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ ៤៤ឡាន ស្មើរនឹង ១៧៦ម៉ែត្រគូប និងរថយន្តជំនួយមកពីរថយន្តស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប និងរថយន្តទីក្រុងជ្រោយចង្វារ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ

Share This Post: