លោកពូទីន ព្រមាននឹងប្រើប្រាស់អាវុធប្រភេទនេះបកទៅវិញ ប្រសិនបើអ៊ុយក្រែនហ៊ានប្រើប្រាស់វាប្រឆាំងនឹងរុស្ស៊ី
- BY
- autoadmin
- July 17, 2023
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីមានឃ្លាំងស្តុកគ្រាប់បែកចង្កោម ហើយនឹងពិចារណាប្រើប្រាស់វាប្រឆាំងនឹងប្រទេសអ៊ុយក្រែន «ប្រសិនបើពួកគេ [អ៊ុយក្រែន] ប្រើប្រាស់វាប្រឆាំងនឹងយើង»។ ការអត្ថាធិប្បាយរបស់លោក ពូទីន បានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ុយក្រែនបានទទួលគ្រាប់បែកចង្កោមផលិតដោយអាមេរិក។ មេដឹកនាំរូបនេះបាននិយាយក្នុងបទសម្ភាសន៍ថា៖«ប្រសិនបើពួកគេប្រើប្រាស់វាប្រឆាំងនឹងយើង យើងរក្សាសិទ្ធិក្នុងការឆ្លើយតបនឹងសកម្មភាពនោះ»។ ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់ទីក្រុងកៀវ កំពុងធ្វើឱ្យមានភាពចម្រូងចម្រាស និងរងការរិះគន់ដោយក្រុមសិទ្ធិមនុស្ស។

អាវុធនេះមានគ្រោះថ្នាក់ជាពិសេសចំពោះជនស៊ីវិល និងអ្នកមិនប្រយុទ្ធ នៅពេលផ្ទុះនៅជិតតំបន់ដែលមានប្រជាជនរស់នៅ ព្រោះវាខ្ចាត់ខ្ចាយសម្ភារៈផ្ទុះពាសពេញតំបន់។ គ្រាប់បែកដែលមិនផ្ទុះតាមកាលកំណត់ អាចនឹងផ្ទុះនៅរយៈពេលជាច្រើនឆ្នាំក្រោយ ដែលបង្កហានិភ័យរយៈពេលវែងដល់អ្នកនៅទីនោះ ដូចជាអ្នកដែលដើរជាន់មីនដែរ។ គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់បែកចង្កោមបានជំរុញឱ្យប្រទេសជាង ១០០ រួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់វា។ យ៉ាងណាក៏ដោយ ទាំងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន មិនមែនជាសមាជិកនៅក្នុងសន្ធិសញ្ញាហាមឃាត់នោះទេ។ លោក ពូទីន ក៏បានអះអាងដែរថា រុស្ស៊ីមិនទាន់បានប្រើប្រាស់គ្រាប់បែកចង្កោមទេ បើទោះជាមានភស្តុតាងផ្ទុយពីការអះអាងនេះក៏ដោយ។
កាលពីខែមីនា អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនបានចងក្រងរបាយការណ៍គួរឱ្យទុកចិត្តបានដែលថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់គ្រាប់បែកចង្កោម នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅយ៉ាងហោចណាស់ ២៤ ដង។ ការស៊ើបអង្កេតរបស់ទូរទស្សន៍ CNN កាលពីឆ្នាំមុនបានរកឃើញថា វិមានក្រឹមឡាំងបានបាញ់រ៉ុក្កែតចង្កោមចំនួន ១១ គ្រាប់នៅ Kharkov ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែនក្នុងអំឡុងពេលថ្ងៃបើកសង្រ្គាម៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






