អន្តរជាតិ

ប្រទេសរុស្ស៊ីបានចាប់ផ្តើមហាមឃាត់បុគ្គលិករដ្ឋាភិបាល ពីការប្រើប្រាស់ឧបករណ៍ Apple នៅក្នុងម៉ោងបំពេញការងារ

BY
autoadmin
July 17, 2023

យោងតាមកាសែត Financial Times បានរាយការណ៍ថា អាជ្ញាធររុស្ស៊ីបានចាប់ផ្តើមហាមឃាត់បុគ្គលិករដ្ឋាភិបាលពីការប្រើប្រាស់រាល់ឧបករណ៍ Apple ទាំងអស់ នៅកំឡុងពេលពួកគេបំពេញការងារឱ្យរដ្ឋាភិបាល។ នៅថ្ងៃច័ន្ទនេះ ក្រសួងពាណិជ្ជកម្មនៃប្រទេសរុស្ស៊ី នឹងដាក់ការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទ iPhone នៅក្នុងម៉ោងការងារទាំងអស់។ ទីភ្នាក់ងារផ្សេងទៀត រួមទាំងទូរគមនាគមន៍ និងក្រសួងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ក៏មានការអនុវត្តស្រដៀងគ្នា ឬគ្រោងនឹងចាប់ផ្តើមអនុវត្តនាពេលឆាប់ៗនេះ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ មន្ត្រីអាចបន្តប្រើប្រាស់ឧបករណ៍ Apple សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ប្រសិនបើវាមិនប៉ះពាល់ដល់ការងាររដ្ឋ។ Apple មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ការហាមឃាត់របស់រុស្ស៊ីទេ។

ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន Apple បានកាត់ផ្តាច់ការចូលប្រើ Apple Pay ហើយខ្លួនក៏បានបញ្ឈប់ការលក់ផលិតផលទាំងអស់នៅក្នុងប្រទេសរុស្ស៊ី។ Apple បានបញ្ជាក់យ៉ាងច្បាស់ថា នោះគឺជាការឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ី ហើយថា ក្រុមហ៊ុនឈរជាមួយពលរដ្ឋទាំងអស់ដែលឈឺចាប់ដោយសារសង្គ្រាម។ ការហាមឃាត់នេះកើតឡើងបន្ទាប់ពីសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ីបានអះអាងកាលពីខែមុនថា ខ្លួនបានរកឃើញ «ប្រតិបត្តិការចារកម្មដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក» ពាក់ព័ន្ធនឹងឧបករណ៍ Apple។

FSB បាននិយាយថា iPhone រាប់ពាន់គ្រឿង រួមទាំងឧបករណ៍ដែលប្រើប្រាស់ដោយបេសកកម្មការទូតរបស់ប្រទេសនៅក្នុងអង្គការណាតូ ស្ថិតក្រោមកម្មវិធីត្រួតពិនិត្យ/ស៊ើបការណ៍របស់ Apple។ FSB បានបន្តទាមទារថា ក្រុមហ៊ុន Apple បានធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារស៊ើបការណ៍របស់សហរដ្ឋអាមេរិក ដើម្បីផ្តល់ឱ្យភ្នាក់ងារនោះជាមួយនឹងឧបករណ៍ស៊ើបការណ៍យ៉ាងទូលំទូលាយ។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបដិសេធការចោទប្រកាន់ទាំងនោះ ដោយនិយាយថា ខ្លួនមិនដែលធ្វើការជាមួយរដ្ឋាភិបាលណាមួយ ដើម្បីបង្កើតផ្លូវចូលទៅក្នុងផលិតផល Apple ណាមួយឡើយ ហើយនឹងមិនដែលធ្វើរឿងនោះដាច់ខាត៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: