ក្រសួងការងារ ប្រកាសឱ្យគ្រប់ក្រុមហ៊ុនទាំងអស់ត្រូវអនុញ្ញាតកម្មករនិយោជិតបានឈប់សម្រាក ៣ថ្ងៃ ដោយរក្សាប្រាក់ឈ្នួល ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
- July 19, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំ ស្តីពីការអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

យោងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត, សេចក្តីសម្រេច លេខ៤៦ សសរ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល, សេចក្ដីជូនដំណឹងលេខ៥៤៧ សជណ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី, សេចក្តីណែនាំលេខ០៤៥/២៣ក.ប/ស.ណ.ន.ខ.ល ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សេចក្តីអំពាវនាវ និងសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំបន្ថែមដូចខាងក្រោម៖
១-ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារ រួមមាន សិប្បកម្ម ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ ត្រូវតែអនុញ្ញាតឱ្យ បងប្អូនកម្មករនិយោជិត បានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ ជាកំហិត គឺនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាល ទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
២-ប្រគល់ភារកិច្ចជូនក្រុមអធិការការងារថ្នាក់ក្រសួង និងថ្នាក់មន្ទីររាជធានី ខេត្ត ទាំងអស់ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចឈប់សម្រាកនេះយ៉ាងម៉ឺងម៉ាត់។ ក្នុងករណី រកឃើញការបំពានកាតព្វកិច្ចនេះ ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន។
៣-ករណីមានការមិនអនុវត្តតាមសេចក្ដីណែនាំខាងលើ សូមបងប្អូនកម្មករនិយោជិតផ្ដល់ព័ត៌មានមកក្រសួងជាបន្ទាន់ តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ឬខ្សែទូរសព្ទបន្ទាន់ ១២៩៧។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្ម ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ ចូលរួមអនុវត្ត តាមសេចក្ដីណែនាំនេះប្រកបដោយប្រសិទ្ធភាព ៕

- Share This Post:






