ព័ត៌មានជាតិ

ក្រសួងអប់រំ សម្រេចលើកលែងជ្រើសរើសប៉ុស្តិ៍បម្រើការងារចំពោះបេក្ខជនដាក់ពាក្យសុំចុះឈ្មោះប្រឡងចូលក្របខណ្ឌគ្រូបង្រៀនក្នុងខេត្តចំនួន ៤នេះ

BY
Khmernote Media
July 19, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាស លើកលែង ការជ្រើសរើសប៉ុស្តិ៍បម្រើការងារចំពោះបេក្ខជនដាក់ពាក្យសុំចុះឈ្មោះប្រឡងចូលក្របខណ្ឌគ្រូបង្រៀនឆ្នាំ២០២៣ សម្រាប់បេក្ខជនប្រឡងចូលខេត្តស្ទឹងត្រែង កោះកុង ព្រះវិហារ និងខេត្តមណ្ឌលគិរី។

ក្រសួងអប់រំ យុវជន និង កីឡាបានដាក់ឱ្យអនុវត្តការជ្រើសរើសប៉ុស្តិ៍បម្រើការងារ នៅមុនពេលដាក់ពាក្យសុំចុះឈ្មោះប្រឡងចូលក្របខណ្ឌ គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០១៩ រហូតមក។ ការអនុវត្តវិធានការនេះ ក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត បានចាត់បញ្ចូនគ្រូបង្រៀនចេញថ្មីឱ្យទៅដល់សាលារៀនដែលសាមី ខ្លួនបានជ្រើសរើស និងជាសាលាដែលកំពុងខ្វះគ្រូបង្រៀនពិតប្រាកដ។

ប៉ុន្តែ ក្នុងការអនុវត្តរយៈពេល០៣ឆ្នាំកន្លងមកនេះ ក្រសួង បានទទួលសំណើ និងរបាយការណ៍ស្តីពីស្ថាន ភាពលំបាក នៃតំបន់មួយចំនួនក្នុងខេត្តដាច់ស្រយាល ដែលនៅទីនោះសាលារៀនភាគច្រើននៅតាមតំបន់ជួបការ លំបាកពុំមានបេក្ខជនជ្រើសរើស និងដាក់ពាក្យសុំចុះឈ្មោះប្រឡងចូល។

ដូច្នេះ ដើម្បីដោះស្រាយស្ថានភាពខ្វះ គ្រូបង្រៀននៅតំបន់ជួបការលំបាក នៃខេត្តដាច់ស្រយាលមួយចំនួន ក្រសួងអប់រំ យុវជន និងកីឡា សម្រេចលើក លែងការជ្រើសរើសប៉ុស្តិ៍បម្រើការងារនៅមុនពេលដាក់ពាក្យសុំចុះឈ្មោះប្រឡង សម្រាប់បេក្ខជនប្រឡងចូលខេត្ត ស្ទឹងត្រែង កោះកុង ព្រះវិហារ និងខេត្តមណ្ឌលគីរី។ បេក្ខជនដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡងចូលខេត្តទាំង ០៤នោះ នឹងត្រូវចាប់ប៉ុស្តិ៍បម្រើការងារ ក្រោយពីបានបញ្ចប់ការបណ្តុះបណ្តាលជាស្ថាពរ ដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តសាមីនីមួយៗ ទទួលខុសត្រូវក្នុងការចាប់ប៉ុស្តិ៍ ការបញ្ចូនគ្រូបង្រៀនចេញថ្មីឱ្យទៅដល់សាលារៀន ដែលកំពុងខ្វះគ្រូ និងបាតុភាពផ្សេងៗទៀត ៕

ប្រភព៖ MoEYS Cambodia

Share This Post: