លេចធ្លាយរូបរាងស្មាតហ្វូនបត់របស់ Huawei យ៉ាងច្បាស់ក្រឡែតតាមរយៈផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម
- February 23, 2019
ឆ្នាំ២០១៨ ស្មាតហ្វូនភាគច្រើននិយមក្បាលឆក ហើយចូលមកដល់ឆ្នាំ២០១៩នេះ ស្មាតហ្វូនអេក្រង់បត់ហាក់កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនបត់របស់ខ្លួនមានឈ្មោះ Galaxy Fold។ Samsung ទើបតែបង្ហាញស្មាតហ្វូនអេក្រង់បត់របស់ខ្លួនមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលថ្មីៗនេះលេចធ្លាយរូបភាពស្មាតហ្វូនអេក្រង់បទរបស់ Huawei វិញម្តង តាមរយៈផ្ទាំងប៉ាណូ ផ្សាយពាណិជ្ជកម្ម។
តាមរយៈរូបភាពលេចធ្លាយនោះបង្ហាញថា ស្មាតហ្វូននោះមានឈ្មោះថា Huawei Mate X ហើយវាមានអេក្រង់តែមួយប៉ុណ្ណោះ នៅពេលដែលបត់វាចេញ អេក្រង់នឹងធំដូច Tablet តែម្តង។ ខុសប្លែកពី Galaxy Fold របស់ Samsung គឺប្រើអេក្រង់២ ដោយអេក្រង់មួយតូចនៅខាងក្រៅ និងអេក្រង់បត់ធំមួយនៅខាងក្នុង។ ចំពោះលក្ខណៈសម្បត្តិរបស់ Huawei Mate X គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយក្រុមហ៊ុនគ្រោងនឹងដាក់បង្ហាញស្មាតហ្វូននេះនៅថ្ងៃទី២៤ ខែកុម្ភៈ នេះ នៅក្នុងព្រឹត្តិការណ៍ពិពណ៌ Moblie World Congress 2019៕

អត្ថបទ៖ សេម
ប្រភព៖ androidauthority
- Share This Post:






