សមាជិកសភា និងព្រឹទ្ធសភាថៃ បានច្រានចោលការតែងតាំងលោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីជាថ្មី សម្រាប់ការបោះឆ្នោតជុំទី២
- BY
- autoadmin
- July 20, 2023
សភាទាំង ២ របស់ប្រទេសថៃបានសម្រេចថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ Pita Limjaroenrat មិនអាចត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីម្តងទៀតនោះទេ។ លោក Pita រំពឹងនឹងឈរឈ្មោះក្នុងការបោះឆ្នោតជុំទី២ សម្រាប់ការបោះឆ្នោតនៅល្ងាចថ្ងៃពុធ បន្ទាប់ពីបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជុំទី១ កាលពីសប្តាហ៍មុន។ យ៉ាងណា សភាបានអនុម័តញត្តិមួយមុនការបោះឆ្នោត ដែលធ្វើឱ្យលោក Pita មិនមានសិទ្ធិសម្រាប់ការបោះឆ្នោតជុំទី២ នោះទេ។ សំណើនេះត្រូវបានដាក់ជូនដោយសមាជិកសភាអភិរក្សនិយម ដែលបាននិយាយថា ការបោះឆ្នោតជាលើកទី២ នឹងបំពានលើបទប្បញ្ញត្តិរបស់សភា។
នោះមានន័យថា លោក Pita មិនអាចជាបេក្ខភាពតំណាងគណបក្សឆ្ពោះទៅមុខបានទេ បន្ទាប់ពីការបរាជ័យកាលពីជុំទី១ ហើយគណបក្សចម្រុះទាំង៨ នឹងដាក់បេក្ខភាពមកពីគណបក្សភឿថៃ ដែលមានសំឡេងបោះឆ្នោតគាំទ្រពីពលរដ្ឋថៃធំជាងគេទី២ ជំនួសលោក Pita។ ជាមួយគ្នានេះ តុលាការធម្មនុញ្ញរបស់ប្រទេសថៃក៏បានសម្រេចកាលពីថ្ងៃពុធថា លោក Pita គួរតែត្រូវបានព្យួរជាបណ្តោះអាសន្នពីតួនាទីរបស់គាត់ក្នុងនាមជាសមាជិកសភា។ មេដឹកនាំ MFP ត្រូវបានគេចោទប្រកាន់ថា បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលរដ្ឋធម្មនុញ្ញហាមឃាត់សម្រាប់បេក្ខភាពនយោបាយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






