ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោកស្ថិតក្រោមការគំរាមកំហែង ក្រោយរុស្ស៊ីប្រកាសដើរចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ
- BY
- autoadmin
- July 21, 2023
ថ្វីបើកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើសង្រ្គាមដែលភាគច្រើនផ្តោតលើដីគោកក៏ដោយ ប៉ុន្តែតំបន់សមុទ្រខ្មៅឥឡូវនេះ ក៏បានក្លាយជាចំណុចក្ដៅផងដែរ។ ជាក់ស្ដែងភាគីទាំង ២ កំពុងបង្កើនវោហាសាស្ត្រ និងគំរាមពង្រីកវិសាលភាពនៃការវាយប្រហាររបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងកាលពីថ្ងៃច័ន្ទ ប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិរបស់ពួកគេទៅកាន់ពិភពលោក ហើយកាលពីថ្ងៃពុធ ខ្លួនក៏បានព្រមានថា កប៉ាល់ណាដែលធ្វើដំណើរទៅកាន់អ៊ុយក្រែន នឹងត្រូវបានចាត់ទុកថា ជាគោលដៅយោធាដ៏មានសក្តានុពល។

អ៊ុយក្រែនបានឆ្លើយតបទៅវិញភ្លាមៗ ដោយមន្ត្រីការពារជាតិរបស់ពួកគេបាននិយាយថា កប៉ាល់ទាំងអស់ដែលធ្វើដំណើរចេញពីកំពង់ផែដែលគ្រប់គ្រងដោយរុស្ស៊ី ក៏អាចនឹងរងការវាយប្រហារ។ ពួកគេបានព្រមានថា នាវាទាំងនោះអាចនឹងជួបជោគវាសនាដូចគ្នានឹងនាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី Moskva ដែលត្រូវបានលិចនៅក្នុងខែមេសា ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាមនៃប្រទេសទាំងពីរ។
ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធថា សកម្មភាពរបស់រុស្ស៊ីបានបំផ្លាញផលិតផលកសិកម្មដែលមានគោលដៅទៅប្រទេសចិន ដែលជាភាគីមួយមានទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ។ លោកបានបន្ថែមថា មនុស្សគ្រប់រូបទទួលរងផលប៉ះពាល់ ដោយអ្វីដែលលោកហៅថា «ភេរវកម្ម» របស់រុស្ស៊ី។ ជាមួយគ្នានេះ កាលពីថ្ងៃព្រហស្បតិ៍ទាហានរុស្ស៊ីក៏បានបំផ្លាញអគារកុងស៊ុលចិន នៅ Odesa ដែលវាបង្ហាញថា កងកម្លាំងរុស្ស៊ីបានចូលរួមក្នុងការវាយប្រហារមិនរើសមុខទេ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






