អន្តរជាតិ

កំពូលព្យុះទីហ្វុង Doksuri កំពុងរំកិលខ្លួនឆ្ពោះទៅប្រទេសហ្វីលីពីន ហើយនឹងបន្ដទៅដល់ចិនដីគោកនៅចុងសប្តាហ៍

BY
autoadmin
July 25, 2023

កំពូលព្យុះទីហ្វុង Doksuri បានបោកបក់ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ក្នុងទិសដៅឆ្ពោះទៅប្រទេសហ្វីលីពីន ខណៈដែលអ្នកព្យាករណ៍បានព្រមានថា វាអាចវាយប្រហារភាគខាងជើងរបស់ប្រទេស មុនពេលវាយប្រហារចិនដីគោកនៅចុងសប្តាហ៍នេះ។ ព្យុះ Doksuri មានល្បឿនខ្យល់ប្រហែល ២៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលស្មើនឹងព្យុះសង្ឃរាអាត្លង់ទិកប្រភេទទី៤។ បើយោងតាមការិយាល័យអាកាសធាតុរបស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា ព្យុះនេះកំពុងផ្លាស់ទីទៅទិសខាងជើងភាគពាយព្យ ក្នុងល្បឿន ១៥ គីឡូម៉ែត្រ/ម៉ោង និងត្រូវបានគេរំពឹងថានឹងឆ្លងកាត់ដល់កោះ Babuyan របស់ប្រទេសហ្វីលីពីនក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់។

ទន្ទឹមនឹងខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានរំពឹងទុកផងដែរ ជាពិសេសនៅទូទាំងកោះ Babuyan និងភាគខាងជើង Luzon ដែលជាកោះធំជាងគេ និងមានប្រជាជនច្រើនជាងគេរបស់ប្រទេសហ្វីលីពីន។ ការិយាល័យនេះបានព្រមានថា៖«នៅក្រោមលក្ខខណ្ឌទាំងនេះ ទឹកជំនន់ និងការរអិលបាក់ដីដែលបណ្តាលមកពីភ្លៀង គឺទំនងជាមានភាគរយខ្ពស់»។ ទីហ្វុង Doksuri ដែលត្រូវបានគេហៅថា Egay នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេព្យាករណ៍ថា នឹងបន្តឆ្ពោះទៅភាគពាយព្យដោយឆ្លងកាត់កោះតៃវ៉ាន់ ដែលកំពុងមានភ្លៀងធ្លាក់ និងហុងកុង មុនពេលឆ្លងកាត់ចិនដីគោកនៅភាគខាងត្បូងនៅចុងសប្តាហ៍នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: