ពិធីមរណៈទុក្ខរបស់តារាចម្រៀង Coco Lee នឹងធ្វើឡើងនៅចុងខែនេះ ដោយមានការផ្សាយបន្ដផ្ទាល់នៅលើ YouTube
- BY
- autoadmin
- July 26, 2023
លោកស្រី Nancy Lee ដែលជាបងស្រីរបស់កំពូលតារាចម្រៀង Coco Lee បានប្រកាសថា ពិធីបុណ្យសពរបស់ម្ចាស់បទ Before I Fall in Love នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា នៅទីតាំងផ្ទះបុណ្យសព (Hong Kong Funeral Home) នៅតំបន់ North Point។ ចំណែកអ្នកគាំទ្ររបស់ Coco Lee ដែលមិនអាចចូលរួមពិធីបុណ្យសពដោយផ្ទាល់ អាចចូលរួមគោរពវិញ្ញាណក្ខន្ធរបស់តារាចម្រៀងរូបនេះ ដោយការទស្សនា livestream នៅលើ YouTube។

កាលពីថ្ងៃច័ន្ទកន្លងទៅ លោកស្រី Nancy Lee បានឱ្យដឹងថា ពិធីបុណ្យសពដែលប្រារព្ធនៅថ្ងៃទី៣១ ខែកក្កដា នឹងត្រូវផ្សាយបន្តផ្ទាល់នៅលើបណ្ដាញ YouTube របស់គាត់ចាប់ពីម៉ោង ៤ រសៀល (ម៉ោងក្នុងស្រុក)។ ដូច្នេះអ្នកគាំទ្ររបស់ Coco Lee នៅទូទាំងពិភពលោកដែលមិនអាចមកចូលរួមបាន គឺអាចចូលរួមរំលែកទុក្ខ និងបានឃើញទិដ្ឋភាពពីការ livestream។
រំលឹកដែរថា Coco Lee បានស្លាប់នៅថ្ងៃទី០៥ ខែកក្កដា បន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាត ហើយក្រោយមកបានស្លាប់នៅឯមន្ទីរពេទ្យ។ គាត់ត្រូវបានគេរាយការណ៍ថា មានជំងឺបាក់ទឹកចិត្តអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកហើយ។ ការស្លាប់របស់គាត់បានធ្វើឱ្យមានការភ្ញាក់ផ្អើលពាសពេញពិភពលោក ហើយបានបង្កឱ្យមានការសោកស្ដាយ និងចូលរួមរំលែកទុក្ខពីតារាល្បីៗជាច្រើនរូប រួមទាំង Stefanie Sun និង Jam Hsiao ផងដែរ។ Coco Leeត្រូវបានគេរាយការណ៍ថា បានបន្សល់ទុកទ្រព្យសម្បត្តិភាគច្រើនរបស់គាត់ ដែលមានតម្លៃ ៣៧ លានដុល្លារសិង្ហបុរី ទៅឱ្យម្តាយដែលមានអាយុ ៨៦ ឆ្នាំរបស់គាត់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






