ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួបសួរសុខទុក្ខកម្មករ កម្មការិនីឡើងវិញ ក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី

BY
Khmernote Media
July 26, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងការសូមអភ័យទោសពីកម្មករ កម្មការិនីទាំងអស់ ដែលមានការអាក់ខានមិនបានទៅសួរសុខទុក្ខតាមការសន្យា ដែលគ្រោងធ្វើនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ និងបានគូសបញ្ជាក់ថា សម្ដេចនឹងចាប់ផ្ដើមចុះសួរសុខទុក្ខកម្មករ កម្មការិនីឡើងវិញ ក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី។

ក្នុងសារជាសំឡេងតាមតេឡេក្រាមនាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ ផ្ញើជូនកូនៗ ចៅៗជាកម្មករ កម្មការិនីទាំងអស់ សម្ដេចតេជោមានប្រសាសន៍ថា កាលពីពេលចុះសួរសុខទុក្ខចំពោះកម្មករកម្មការិនីតាមបណ្ដារោងចក្រ សហគ្រាស សម្ដេចបានសន្យាជាមួយកម្មករ កម្មការិនីថា បន្ទាប់ពីការបោះឆ្នោតហើយ គឺនៅត្រឹមថ្ងៃទី២៧ ខែកក្កដា សម្ដេចនឹងចាប់ផ្ដើមចុះសួរសុខទុក្ខកម្មករកម្មការិនី ជាបន្តទៀត នៅ១០គោលដៅ ទាំងនៅទីក្រុងភ្នំពេញ និងនៅបណ្ដាខេត្តផងដែរ។ ប៉ុន្តែដោយសារបញ្ហាកត្តាពេលវេលា និងកត្តាទាក់ទងជាមួយនឹងទិដ្ឋភាពនៃការរៀបចំរាជរដ្ឋាភិបាលថ្មី គឺកិច្ចការនេះ សម្ដេចតេជោបានសូមអភ័យទោសពីកម្មករកម្មការិនីទាំងអស់ ដែលមានការអាក់ខានមិនបានទៅសួរសុខទុក្ខតាមការសន្យា។

សម្ដេចតេជោបន្តថា ការសួរសុខទុក្ខកម្មករកម្មការិនីត្រូវលើកពេល ទៅក្រោយបង្កើតរាជរដ្ឋាភិបាលថ្មី ព្រោះថាឥឡូវនេះ ស្ថិតនៅដំណាក់កាលនៃរាជរដ្ឋាភិបាលចាំផ្ទះ។ សម្ដេចតេជោគូសបញ្ជាក់ថា សម្ដេចចង់ឱ្យអ្វីៗកើតឡើងនៅដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវទៅជួបចំពោះក្មួយៗ កូនៗ ចៅៗ ជាកម្មករកម្មការិនីទាំងអស់។ ដូច្នេះ យើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុត មាននាយករដ្ឋមន្ត្រីថ្មី នឹងទៅសួរសុខទុក្ខចំពោះកម្មករកម្មការិនីរបស់យើង ជំនួសនាយករដ្ឋមន្ត្រីចាស់។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា នេះជាលទ្ធភាពនៃការកើតឡើងនៃរាជរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ហើយខ្ញុំមិនទៅណាទេ ខ្ញុំនឹងបកស្រាយរឿងនេះនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងពេលសម្ពោធដាក់ឱ្យដំណើរការផ្លូវខ្សែក្រវាត់ក្រុងទី៣ ខ្ញុំនឹងនិយាយរឿងនេះ នៅពេលនោះ»។ សម្ដេចតេជោថ្លែងទៀតថា ក៏ប៉ុន្តែសម្ដេចមានការចាំបាច់ដើម្បីចេញសារ ដោយសារតែតាមគម្រោងសម្ដេចនឹងចេញទៅជួបជាមួយកម្មករកម្មការិនី នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ ប៉ុន្តែត្រូវបានអាក់ខាន នឹងត្រូវបានលើកពេលនោះ៕

ប្រភព​៖ ក្រសួងព័ត៌មាន

Share This Post: