អន្តរជាតិ

ស្បែកជើងប៉ាតា Apple ដ៏កម្រមួយគូ ត្រូវបានដាក់លក់ក្នុងតម្លៃ ៥០,០០០ ដុល្លារអាមេរិក

BY
autoadmin
July 27, 2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ស្បែកជើងប៉ាតារបស់ក្រុមហ៊ុន Apple ដ៏កម្រមួយគូ កំពុងត្រូវបានក្រុមហ៊ុនដេញថ្លៃ Sotheby’s ដាក់លក់នៅក្នុងតម្លៃ ៥០,០០០ ដុល្លារអាមេរិក ដែលជាតម្លៃខ្ពស់ជាងផលិតផល Apple ណាៗទាំងអស់នាពេលបច្ចុប្បន្ននេះ។ វាត្រូវបានផលិតឡើងតែម្ដងគត់ សម្រាប់ចែកជូនបុគ្គលិករបស់ Apple នៅក្នុងសន្និសិទការលក់ថ្នាក់ជាតិ (National Sales Conference) នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ ស្បែកជើងប៉ាតានេះមានទំហំ ១០.៥ និងជាស្បែកជើងថ្មីនៅក្នុងប្រអប់ ប៉ុន្តែវាក៏ហើរពណ៌នៅផ្នែកខ្លះផងដែរ ដោយសារភាពចំណាស់របស់វា។

ការផលិតស្បែកជើងប៉ាតាចែកជូនបុគ្គលិក ហាក់ដូចជារឿងចម្លែកសម្រាប់ Apple ប៉ុន្តែនៅឆ្នាំ១៩៨៦ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏បានចេញលក់សម្លៀកបំពាក់ និងគ្រឿងបន្លាស់ជាច្រើនប្រភេទ ហៅថា «The Apple Collection» ដែលមានដូចជា៖ ពែង ឆ័ត្រ កាបូប បន្ដោងសោរ និងសូម្បីទូកក្តោង (sailboard) ដែលសុទ្ធតែមានស្លាកសញ្ញា Apple ឥន្ទធនូ។ កាលពីឆ្នាំមុន មានមនុស្ស ២២,០០០ នាក់ បានទិញអាវ Apple ពីក្រុមហ៊ុននេះ។ វាត្រូវបានគេស្គាល់ថាជា «ផលិតផលស្លាកសញ្ញាពណ៌ស» ផលិតដោយក្រុមហ៊ុនភាគីទី៣ ដូចជា Lamy, Honda ឬ Braun ប៉ុន្តែត្រូវបានលក់ដោយ Apple ដោយប្រើស្លាកសញ្ញាផ្ទាល់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: