Meta ព្យាយាមទាក់ទាញអ្នកប្រើប្រាស់មកវិញ បន្ទាប់ពីកម្មវិធី Threads បាត់បង់អ្នកប្រើប្រាស់ច្រើនជាងពាក់កណ្ដាល
- BY
- autoadmin
- July 28, 2023
Meta Platforms កំពុងផ្តោតយ៉ាងខ្លាំងលើការថែរក្សាចំនួនអ្នកប្រើប្រាស់កម្មវិធី Threads បន្ទាប់ពីគូប្រជែងថ្មីរបស់ Twitter មួយនេះ បានបាត់បង់អ្នកប្រើប្រាស់ច្រើនជាងពាក់កណ្តាល ត្រឹមប៉ុន្មានសប្តាហ៍បន្ទាប់ពីការបើកដំណើរការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន។ នាយកប្រតិបត្តិលោក Mark Zuckerberg បាននិយាយថា ការទប់ចំនួនអ្នកប្រើប្រាស់របស់ Threads មានភាពប្រសើរជាងការរំពឹងទុក បើទោះបីជាវាមិនល្អឥតខ្ចោះក៏ដោយ។ លោកបានបញ្ជាក់ថា Threads មានអ្នកចុះឈ្មោះរហូតដល់ទៅ ១០០ លាននាក់ ដូច្នេះវាមិនទាន់ដល់ទីបញ្ចប់ទេ បើទោះជាច្រើនជាងពាក់កណ្ដាលនៃអ្នកប្រើប្រាស់បានទុកវាចោល។

លោក Zuckerberg បាននិយាយថា លោកបានចាត់ទុកការធ្លាក់ចុះនេះគឺជារឿងធម្មតា ហើយរំពឹងថា ស្ថានភាពនឹងប្រសើរជាងនេះ នៅពេលដែលក្រុមហ៊ុនបន្ថែមលក្ខណៈពិសេសទៅក្នុងកម្មវិធី រួមទាំងកំណែសម្រាប់ desktop និងមុខងារស្វែងរកផងដែរ។ Meta ក៏កំពុងរកវិធីបន្ថែមទៀត ដើម្បីអាចទាក់ទាញអ្នកប្រើប្រាស់ឱ្យត្រឡប់ទៅកម្មវិធីវិញ ដូចជាធ្វើឱ្យប្រាកដថាមនុស្សដែលនៅលើកម្មវិធី Instagram អាចមើលឃើញ Threads សំខាន់ៗ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុន Meta បានបដិសេធមិនឆ្លើយតបចំពោះសំណួរសុំការអត្ថាធិប្បាយនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






