អន្តរជាតិ

លោក ដូណាល់ ត្រាំ នឹងមិនបោះបង់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីឡើយ បើទោះជាមានសំណុំរឿងព្រហ្មទណ្ឌជាប់ខ្លួនក៏ដោយ

BY
autoadmin
July 29, 2023

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា គាត់នឹងមិនបញ្ចប់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីឡើយ បើទោះបីជាគាត់បានរងការចោទប្រកា់ន និងកាត់ទោសក្នុងសំណុំរឿងព្រហ្មទណ្ឌក៏ដោយ។ គាត់គឺជាបេក្ខជននាំមុខគេ សម្រាប់តំណែងប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤។ កាលពីថ្ងៃព្រហស្បតិ៍​នេះ លោក ដូណាល់ ត្រាំ ទើបតែត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ពីបទកាន់កាប់ដោយខុសច្បាប់លើឯកសារសម្ងាត់ជាតិ ហើយលាក់វានៅវីឡា Mar-a-Lago របស់គាត់។ ការកាត់​ទោសលើលោក ត្រាំ សម្រាប់ករណីនេះ ត្រូវបានគេដឹងថា គ្រោងនឹងធ្វើ​នៅ​ខែ​ឧសភាឆ្នាំក្រោយ។

រដ្ឋអាជ្ញាសហព័ន្ធបានដាក់ការចោទប្រកាន់ថ្មីចំនួន ៣ ពាក់ព័ន្ធនឹងករណីនេះ ដោយពួកគេបានចោទប្រកាន់លោក ត្រាំ និងជំនួយការរបស់គាត់ថា បានសុំឱ្យបុគ្គលិកម្នាក់ លុបវីដេអូកាមេរ៉ាសុវត្ថិភាពនៅឯវីឡារបស់គាត់ ដើម្បីរារាំងការស៊ើបអង្កេត។ យ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយពិធីករវិទ្យុអភិរក្សនិយមលោក John Fredricks កាលពីថ្ងៃសុក្រ ដោយបានបដិសេធថា គាត់មិនមានកំហុសអ្វីទាំងអស់។ ជម្រាបដែរថាលោក ត្រាំ បាននិងកំពុងប្រឈមមុខនឹងការស៊ើបអង្កេតជាច្រើន ចាប់តាំងពីការចាកចេញពីតំណែងប្រធានាធិបតីរបស់គាត់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: