អន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ៤៤ នាក់បានបាត់បង់ជីវិត និងជាង ១៣០ នាក់បានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកមួយនៅប៉ាគីស្ថាន

BY
autoadmin
July 31, 2023

យ៉ាងហោចណាស់មានមនុស្សចំនួន ៤៤ នាក់បានស្លាប់ និងជាង ១៣០ នាក់បានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅកន្លែងជួបជុំអ្នកនយោបាយរបស់គណបក្សអ៊ីស្លាមមួយ នៅក្នុងខេត្ត Khyber Pakhtunkhwa នៃប្រទេសប៉ាគីស្ថាន។ ការបំផ្ទុះនេះបានកើតឡើងនៅកន្លែងជួបជុំរបស់គណបក្សអភិរក្សនិយម Jamiat Ulema Islam-Fazl (JUI-F) នៅក្នុងស្រុក Bajaur ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន។ មន្ត្រីប៉ូលីសស្រុក Nazir Khan បាននិយាយថា ប្រកាសអាសន្នត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យស្រុក Bajaur និងតំបន់ជាប់គ្នា ដែលភាគច្រើននៃអ្នករងរបួសត្រូវបានគេនាំយកទៅទីនោះ។ ចំណែកអ្នករងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនពីស្រុក Bajaur ទៅកាន់មន្ទីរពេទ្យក្នុងខេត្ត Peshawar ដោយឧទ្ធម្ភាគចក្រយោធា។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា មនុស្សប្រហែល ៥០០ នាក់ មានវត្តមាននៅកន្លែងជួបជុំនោះ។ ការបំផ្ទុះគឺមានគោលដៅលើគណបក្ស JUI-F ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រី Shehbaz Sharif ដែលកំពុងរៀបចំសម្រាប់ការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា។ លោក Sharif បានថ្កោលទោសការបំផ្ទុះនេះ ដោយបានហៅវាថា ជាការវាយប្រហារលើដំណើរការប្រជាធិបតេយ្យរបស់ប្រទេសប៉ាគីស្ថាន។ លោក​ប្ដេជ្ញា​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ​នឹង​ត្រូវ​ទទួល​ទោស។ យ៉ាងណាក៏ដោយ មិនទាន់មាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: