ព័ត៌មានជាតិ

ស្នងការខេត្តកំពត បន្តដឹកនាំកំលាំងស្វែងរកប្អូនស្រីរងគ្រោះម្នាក់ ដែលកំពុងបាត់ខ្លួននៅលើជ្រោះឱម៉ាល់

BY
Khmernote Media
July 31, 2023

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចាប់ផ្តើមដឹកនាំកំលាំងស្វែងរកប្អូនស្រីដែលរងគ្រោះនៅលើជ្រោះឱម៉ាល់បន្តទៀត ខណៈជនរងគ្រោះជានារីម្នាក់បានបាត់បង់ជីវិត។

គួរជម្រាបជូនថា យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ហេតុការណ៍ដ៏គួរសោកសង្រេងនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពេលដែលជនរងគ្រោះរួមនិងមិត្តភក្រ័ក្រុមការងារសរុបជាង ៤០នាក់ ទៅសម្រាកបោះតង់នៅលើកញ្ចុះ ម្តុំទឹកធ្លាក់ ឈ្មោះជ្រោះឱម៉ាល់ ក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ស្របពេលមានភ្លៀងនិងខ្យល់ខ្លាំង ក៏បានបោកបក់ជនរងគ្រោះ៤នាក់ឲ្យធ្លាក់ចូលទៅក្នុងជ្រោះ។

ដោយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានជួយសង្គ្រោះ ពួកគាត់ជាង ៤០នាក់ មកដល់កន្លែងមានសុវត្ថិភាព តែដោយឡែកជនរងគ្រោះដែលបានបាត់ខ្លួនចំនួន៤នាក់ បានរកឃើញ៣នាក់ហើយ ក្នុងនោះ មាន ២នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

បើតាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២រសៀលម្សិលមិញនេះ ស្នងការខេត្តកំពត បានដឹកនាំកំលាំងឡើងទៅជ្រោះឱម៉ាល់ ដើម្បីស្វែងរកជនរងគ្រោះម្នាក់ទៀតដែលបាត់ខ្លួនរកមិនទាន់ឃើញ ដោយសារបញ្ហាអាកាសធាតុភ្លៀងនៅបន្តធ្លាក់ខ្លាំងកំលាំងបានចុះមកក្រោមវិញជៀសវាងបញ្ហាគ្រោះថ្នាក់មកលើកងកំលាំង។ ស្នងការខេត្តកំពត បានបន្ថែមទៀតថា នៅថ្ងៃព្រឹកថ្ងៃទី៣១ ខែកក្កដា នឹងដឹកនាំកំលាំងដើម្បីស្វែងរកជនរងគ្រោះបន្តទៀតរហូតទាល់តែឃើញ ដោយដើរតាមជ្រោះពីក្រោមឡើងទៅលើភ្នំវិញម្តង។

ស្នងការដ្ឋាននគរបាលខេត្តកំពត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ដើរលេងកម្សាន្តនៅតំបន់ទឹកជ្រោះភ្នំឱម៉ាល់នេះ សូមផ្អាកការមកបោះតង់លើជ្រោះឱម៉ាល់បណ្ដោះអាសន្នសិន រង់ចាំអាកាសធាតុល្អប្រសើរវិញសិន ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

Share This Post: