អន្តរជាតិ

ទីភ្នាក់ងារអវកាសណាសា (NASA) នឹងបើកដំណើរការសេវាកម្មស្ទ្រីមផ្ទាល់ខ្លួន ហើយមិនមានការបង់ប្រាក់ដូចសេវាកម្មដទៃឡើយ

BY
autoadmin
July 31, 2023

ទីភ្នាក់ងារអវកាសណាសា (NASA) នឹងបើកដំណើរការវេទិកាផ្សព្វផ្សាយវីដេអូផ្ទាល់ខ្លួន ដែលមានឈ្មោះថា NASA+ នៅរដូវក្តៅនេះ។ ជាធម្មតាទីភ្នាក់ងារអាមេរិកមួយនេះ តែងតែផ្សាយបន្តផ្ទាល់ការបាញ់បង្ហោះយានអវកាស និងព្រឹត្តិការណ៍ផ្សេងៗទៀតនៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែ NASA+ នឹងផ្តល់ជូនលើសពីនោះថែមទៀត ដោយវានឹងមានជាវីដេអូស៊េរី (original video series) សម្រាប់អ្នកតាមដានផងដែរ។ អ្វីដែលពិសេសនោះ គឺវានឹងគ្មានការគិតថ្លៃ ហើយក៏គ្មានការរំខានពីការផ្សាយពាណិជ្ជកម្មនោះដែរ។ វាជាវេទិកាដែលអ្នកគួរតែមាន ប្រសិនបើអ្នកចង់មើលសកម្មភាពរបស់ណាសា និងមាតិកាអវកាស។

សេវាកម្មស្ទ្រីមនេះ នឹងមានដាក់ឱ្យប្រើប្រាស់ទាំងនៅលើឧបករណ៍ចល័តរបស់ iOS និង Android ហើយអ្នកតាមដានក៏អាចចូលប្រើវានៅលើកុំព្យូទ័រ និង browser តាមទូរស័ព្ទ ក៏ដូចជាកម្មវិធីចាក់ផ្សាយតាមមេឌៀ ដូចជា Roku, Apple TV និង Fire TV ជាដើម។ បន្ថែមពីលើការណែនាំសេវាកម្មស្ទ្រីមផ្ទាល់ខ្លួន ណាសាក៏កំពុងធ្វើការកែតម្រូវសេវាកម្មឌីជីថលឱ្យបានប្រសើរជាងមុនផងដែរ។ បច្ចុប្បន្ននេះ ខ្លួនកំពុងធ្វើការលើវេបសាយ និង App ថ្មី ដែលអាចបង្រួបបង្រួមព័ត៌មានបានប្រសើរជាងមុនអំពីបេសកកម្ម គម្រោងស្រាវជ្រាវ និងព័ត៌មានថ្មីៗអំពីកម្មវិធី Artemis ក្នុងចំណោមកម្មវិធីផ្សេងៗទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: