ផ្ទុះឃ្លាំងស្តុកទំនិញមួយនៅក្នុងប្រទេសថៃ បានបណ្ដាលឱ្យមនុស្ស ១២នាក់ បាត់បង់ជីវិត និង ១២១ នាក់ផ្សេងទៀតរងរបួស
- BY
- autoadmin
- July 31, 2023
ឃ្លាំងស្តុកទំនិញនៅជិតផ្សារមួយកន្លែង នៅក្នុងស្រុក Sungai Padi ខេត្ត Narathiwat បានបំផ្ទុះកាលពីល្ងាចថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ១២ នាក់ និងធ្វើឱ្យមានអ្នករងរបួស ១២១ នាក់ផ្សេងទៀត។ គិតត្រឹមថ្ងៃអាទិត្យ អ្នករបួសចំនួន ១១១នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។ នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានសពចំនួន ៧ ត្រូវបានគ្រួសារមកទទួល, សពចំនួន ២ ត្រូវបានបូជា និងសពចំនួន ២ ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ ខណៈអាជ្ញាធរមិនទាន់បង្ហាញព័ត៌មានអំពីសពទី១២ នៅឡើយទេ ។

ការស៊ើបអង្កេតដំបូងបានបង្ហាញថា ការផ្ទុះនេះអាចបណ្តាលមកពីការរក្សាទុកកាំជ្រួច ឬគ្រឿងផ្ទុះដោយខុសច្បាប់។ អភិបាលខេត្ត Narathiwat លោក Sanan Phong-aksorn បានព្រមានថា នឹងមានចំណាត់ការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ចំពោះអ្នកដែលទទួលខុសត្រូវលើករណីនេះ ហើយសង្ឃឹមថា វានឹងក្លាយជាមេរៀន ដើម្បីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះនាពេលអនាគត។
ក្រុមសង្គ្រោះបន្ទាន់បាននិងកំពុងធ្វើការ ដើម្បីជួយអ្នកដែលរងផលប៉ះពាល់ ខណៈអាជ្ញាធរខេត្តបានបញ្ជាឱ្យមន្ទីរពេទ្យទាំងអស់ត្រូវបើកទ្វាររង់ចាំជនរងគ្រោះ។ មជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះដល់អ្នកដែលរងផលប៉ះពាល់។ ពួកគេក៏បានអំពាវនាវឱ្យមានការបរិច្ចាគអាហារ និងទឹកផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






