ព័ត៌មានជាតិ

សូមរកផ្លូវវាង! កំណាត់ផ្លូវជាតិលេខ៤៣ និងផ្លូវលេខ១៣២ ក្នុងខេត្តកំពង់ស្ពឺ ត្រូវផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ដោយសារទទួលរងការខូចខាត ដោយជំនន់ទឹកភ្លៀង

BY
Khmernote Media
July 31, 2023

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបិទចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤៣ (គ.ម 08+200-គ.ម 08+650) និងផ្លូវខេត្តលេខ១៣២ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្នគ្រប់យានយន្តគ្រប់ប្រភេទ ដោយសារទទួលរងខូចខាត ដោយជំនន់ទឹកភ្លៀង។

មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននូវ រថយន្តទេសចរណ៍ រថយន្ត ដឹកទំនិញធុនតូច-ធំ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤៣ ស្ថិតក្នុងឃុំត្រែងត្រយឹង ដោយស្ថានភាពផ្លូវជាតិលេខ ៤៣នេះ ទឹកបាននិងកំពុងហូរកាត់ផ្លូវជាច្រើនកន្លែង បណ្តាលឱ្យហូរច្រោះដាច់តួផ្លូវ នឹងអាចកាត់ផ្ដាច់ទាំងស្រុងក្នុងករណីមានភ្លៀងបន្តបន្ទាប់មកទៀត។

ដោយឡែកចំពោះផ្លូវខេត្តលេខ១៣២ ស្ថិតក្នុងភូមិក្រាំងមេត្រី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយក្នុងរយៈពេល២-៣ថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ច្រើន និងបន្តធ្លាក់មកជាបន្តបន្ទាប់បានបណ្តាលឱ្យកំពស់ទឹកកើនឡើង ជន់លិចផ្លូវ ធ្វើឱ្យទឹកហូរ ច្រោះក្បាលស្ពាន និងកាត់ផ្លូវដាច់ផ្លូវនេះទាំងស្រុង។

ដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើរ មន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សាធារណជន និង បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាន មេត្តាយោគយល់ អធ្យាស្រ័យក្នុងការធ្វើដំណើរទៅមក ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ

Share This Post: