អន្តរជាតិ

ជប៉ុនកំពុងព្រមានអំពីហានិភ័យនៃជំងឺសន្លប់​ដោយសារ​កម្តៅ ខណៈរលកកម្តៅបានវាយប្រហារតំបន់ជាច្រើននៅក្នុងប្រទេស

BY
autoadmin
July 31, 2023

ជប៉ុនបាន​ជួប​ប្រទះ​នឹង​កម្ដៅ​ដ៏​ក្ដៅ​គគុក​នៅ​ទូទាំង​ប្រទេសនៅ​ថ្ងៃ​ចន្ទនេះ ខណៈដែលសីតុណ្ហភាពបានកើនឡើងដល់ ៣៥ អង្សាសេ នៅតំបន់ជាច្រើននៅភាគខាងកើត និងខាងជើងរបស់ប្រទេស។ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា សម្ពាធបរិយាកាសខ្ពស់ដែលគ្របដណ្តប់តំបន់ជុំវិញប្រទេសជប៉ុន គឺជាហេតុផលដែលសីតុណ្ហភាពបានបន្តកើនឡើងចាប់តាំងពីពេលព្រឹក។ គិតត្រឹមម៉ោង ១១ ព្រឹក សីតុណ្ហភាពបានឡើងដល់ ៣៧.៧ អង្សាសេ នៅទីក្រុង Hatoyama ក្នុងខេត្ត Saitama ក្បែរទីក្រុងតូក្យូ, ៣៧.១ អង្សាសេ នៅ Date City ក្នុងខេត្ត Fukushima និង ៣៥.១ អង្សាសេ នៅកណ្តាលទីក្រុងតូក្យូ។

មន្ត្រីនៃទីភ្នាក់ងារឧតុនិយម និងក្រសួងបរិស្ថាន បានព្រមានថា ហានិភ័យនៃមនុស្សសន្លប់​ដោយសារ​កម្តៅ (heatstroke) គឺមានភាគរយខ្ពស់ខ្លាំងណាស់។ ពួកគេបានចេញការជូនដំណឹងអំពីហានិភ័យសន្លប់​ដោយសារ​កម្តៅ សម្រាប់ទីក្រុងតូក្យូ ក្យូតូ និងខេត្តចំនួន ១៧ ផ្សេងទៀត នៅទូទាំងប្រទេស។ មន្ត្រី​ឧតុនិយមជប៉ុន​បាន​និយាយ​ថា កម្ដៅទំនង​ជា​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ ​ក្នុង​តំបន់​ពី​ភាគ​ខាងជើង​ទៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន។ បច្ចុប្បន្នចំនួន​អ្នក​កើតជំងឺ​សន្លប់​ដោយសារ​កម្តៅបាន​កើន​ឡើង ហើយ​មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: