ព័ត៌មានជាតិ

មន្ត្រីជំនាញខេត្តព្រៃវែង ចុះប្រមូលសាច់ក្រួចបង្កកប្រមាណ ២តោន យកទៅដុតកម្ទេចចោល

BY
Khmernote Media
August 1, 2023

ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ សាខា ក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្រួចបង្កក (Frozen Quail) ចំនួន ២,២០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

តាមលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ទទួលបានលទ្ធផលដូចខាងក្រោម៖
– បានរកឃើញថា ទំនិញសាច់ក្រួចបង្កកទាំងនោះ ពុំមានប្រភពច្បាស់លាស់ គ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចេញ
– ការវេចខ្ចប់និងដឹកជញ្ជូនពុំបានត្រឹមត្រូវ
– ការរក្សាទុកពុំត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) នាំឱ្យសាច់ប្រែប្រួលបាត់បង់គុណភាព
– សាច់បង្កកទាំងនោះពុំមានសារធាតុគីមីហាមឃាត់នោះទេ។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ និងដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង មន្ត្រីជំនាញទាំង២ស្ថាប័ន បានសម្រេចជាឯកឆន្ទ ដុតកម្ទេចចោលនូវសាច់ក្រួចបង្កកទាំង ២,២០០គ.កនោះ ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ ៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

Share This Post: