ព័ត៌មានជាតិ

សូមរកផ្លូវវាង! ស្អែកនេះមន្ទីរសាធារណការខេត្តកណ្ដាល នឹងបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ដើម្បីរៀបចំពិធីសម្ពោធផ្លូវក្រវាត់ក្រុងខ្សែទី៣

BY
Khmernote Media
August 2, 2023

ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីម៉ោង៣៖០០រំលងអាធ្រាត្រ រហូតដល់ម៉ោង១៖០០ រសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើ កំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែកផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់ គ.ម៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចាប់ពីម៉ោង ៣៖០០ រំលងអធ្រាត្រ រហូតដល់ ម៉ោង ១៖០០ រសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែងសរុប ៥៣,៩៨៣គ.ម ទទឹង ២២ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយក រដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត។

សម្រាប់រថយន្តធុនធ្ងន់មកពីអ្នកលឿង ត្រូវវាងតាមផ្លូវក្រវាត់ក្រុង ខ្សែទី៣ ត្រង់គ.ម៣០+១៤០ ផ្លូវជាតិលេខ១ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ចំណែករថយន្តធុនធ្ងន់មកពីរាជធានីភ្នំពេញ ត្រូវវាងតាមផ្លូវលេខ២១បេ ទៅផ្លូវលេខ១១០ ឡើងទៅផ្លូវក្រវាត់ក្រុងខ្សែទី៣ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះរថយន្តគ្រួសារអាចធ្វើចរាចរណ៍បានជាធម្មតា។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការ អនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល

Share This Post: