សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ឯកឧត្តម នេត សាវឿន និងឯកឧត្តម ស៊ុន ចាន់ថុល នឹងក្លាយទៅជាឧបនាយករដ្ឋមន្រ្តី នៅពេលខាងមុខ ខណៈអគ្គស្នងការនគរបាលជាតិនឹងមានការផ្លាស់ប្តូរ
នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវាត់ក្រុងទី៣ រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឯកឧត្តម នេត សាវឿន និងឯកឧត្តម ស៊ុន ចាន់ថុល នឹងក្លាយទៅជាឧបនាយករដ្ឋមន្រ្តី នៅពេលខាងមុខ ខណៈអគ្គស្នងការនគរបាលជាតិនឹងមានការផ្លាស់ប្តូរ។
សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « សម្រាប់មុខងារសាធារណៈ គ្មានអ្នកណាប៉ះពាល់ទេ នៅទីនេះមានអគ្គកងទ័ព អគ្គប៉ូលីស ហើយអគ្គប៉ូលីស អាចនឹងមានការផ្លាស់ប្ដូរ និយាយតាមមួយបែបទៅគឺថា អគ្គប៉ូលីសអាចនឹងមានផ្លាស់ប្ដូរទៅកាន់តំណែង ឧបនាយករដ្ឋមន្រ្តី ដែលនឹងជួយនាយករដ្ឋមន្រ្តី លើកិច្ចការជាច្រើនដែលនាយករដ្ឋមន្រ្តីប្រគល់ឱ្យនោពេលនេះ។ ហើយក្នុងនោះ ក៏និយាយថែមទៀតទៅចុះ គឺរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលឡើងធ្វើរបាយការណ៍អំបាញ់មិញ ក៏នឹងឡើងធ្វើជា ឧបនាយករដ្ឋមន្រ្តី មួយ ក្នុងចំណោម ឧបនាយករដ្ឋមន្រ្តី ផ្សេងទៀតដែរ ហើយយើងនឹងមានរដ្ឋមន្រ្តីក្រសួងសាធារណការថ្មី មានរដ្ឋមន្រ្តីក្រសួងនេះ ក្រសួងនោះ ចាំពេលហ្នុង ចាំគិតទៀត»៕


អត្ថបទ៖ លីនី