ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងទំនើង ៨នាក់ យកដុំថ្មគប់ និងវា.យបំបែកកញ្ចក់រថយន្តលើអ្នកដំណើរ បណ្តាលឱ្យរងរបួស នៅផ្លូវបំបែកភូមិតាសំ ខេត្តឧត្តរមានជ័យ

BY
Khmernote Media
August 3, 2023

ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៨នាក់ ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះ ពាក់ព័ន្ធករណី យកដុំថ្មគប់ និងវាយបំបែកកញ្ចក់រថយន្ត បណ្តាលឱ្យជនរងគ្រោះដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ រងរបួសស្រាលចំនួន ០២នាក់។

ករណីខាងលើនេះកើតឡើងនៅវេលាម៉ោង ១៧៖៤៥ នាទី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ០៣គ្រឿង, ដុំថ្ម និងកាំបិតផ្គាក់ ០១។ បច្ចុប្បន្នក្មេងទំនើងទាំង ០៨ នាក់រួមនឹងវត្ថុតាងខាងលើ ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police

Share This Post: