អន្តរជាតិ

សហភាពអឺរ៉ុប ន័រវេស អ៊ីស្លង់ បានលុបចោលការរឹតបន្តឹងផលិតផលម្ហូបអាហារពីជប៉ុន ដែលធ្លាប់ត្រូវបានដាក់ក្រោយឧបទ្ទវហេតុរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា

BY
autoadmin
August 3, 2023

សហភាពអឺរ៉ុប ន័រវែស និងអ៊ីស្លង់ បានធ្វើការលុបចោលការរឹតបន្តឹងការនាំចូលលើផលិតផលម្ហូបអាហាររបស់ជប៉ុន ដែលត្រូវបានអនុវត្តបន្ទាប់ពីឧបទ្ទវហេតុឆ្នាំ២០១១ នៅរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា Daiichi។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន បានប្រកាសពីការបញ្ចប់ការត្រួតពិនិត្យការនាំចូលនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះផ្ទាល់។ ក្រសួងបាននិយាយថា ខ្លួនស្វាគមន៍ចំពោះការដកការរឹតបន្តឹងនេះ ដោយសារវានឹងជំរុញកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនុយក្លេអ៊ែរ។

កាលពីមុន សហភាពអឺរ៉ុបបានទាមទារឱ្យមានវិញ្ញាបនបត្រនៃប្រភពដើម និងការពិនិត្យវិទ្យុសកម្ម សម្រាប់ផលិតផលសមុទ្រមួយចំនួន រុក្ខជាតិដែលអាចបរិភោគបាន និងរបស់របរផ្សេងទៀតដែលផលិតនៅហ្វូគូស៊ីម៉ា និងខេត្តចំនួន ៩ ផ្សេងទៀតនៅក្បែរនោះ។ ប្រទេសន័រវេស និងអ៊ីស្លង់ ក៏មានចំណាត់ការស្រដៀងគ្នានេះដែរ។ ចំណែកប្រទេសស្វីស ត្រូវបានគេរំពឹងថា នឹងបញ្ចប់វិធានការរបស់ខ្លួននៅថ្ងៃទី១៥ ខែសីហា។

ការបញ្ចប់ការត្រួតពិនិត្យនេះ នឹងមានន័យថា ប្រទេសទាំងនោះមិនត្រូវការការពិនិត្យវិទ្យុសកម្ម និងការងារឯកសារតិចជាងមុន។ ជប៉ុន​សង្ឃឹម​ថា ការណ៍​នេះ​នឹង​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​ក្នុង​ការ​នាំ​ចេញ​ស្បៀង​អាហារ។ យ៉ាងណាក៏ដោយ ប្រទេស និងតំបន់ចំនួន ៩ រួមទាំងប្រទេសចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង នៅតែមានវិធានការនាំចូលសម្រាប់អាហារជប៉ុនមួយចំនួន។ ក្រសួងកសិកម្មរបស់ប្រទេសជប៉ុននិយាយថា ខ្លួននឹងបន្តអំពាវនាវឱ្យពួកគេបញ្ចប់វិធានការរបស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: