លោក ដូណាល់ ត្រាំ នឹងត្រូវបង្ហាញខ្លួននៅតុលាការនៅថ្ងៃព្រហស្បតិ៍នេះ លើករណីជ្រៀតជ្រែកលទ្ធផលបោះឆ្នោតឆ្នាំ២០២០
- BY
- autoadmin
- August 3, 2023
លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងត្រូវបង្ហាញខ្លួននៅតុលាការ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហានេះ (ម៉ោងនៅអាមេរិក) ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់ពីបទសមគំនិតជ្រៀតជ្រែកលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ដែលករណីនេះ នឹងប៉ះពាល់ដល់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីឆ្នាំ២០២៤ របស់គាត់។ ការចាប់ខ្លួន និងសវនាការរបស់អតីតប្រធានាធិបតីរូបនេះ នឹងធ្វើឡើងនៅក្នុងតុលាការសហព័ន្ធ ទល់មុខវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ជាកន្លែងដែលអ្នកគាំទ្ររបស់គាត់ធ្លាប់សម្រុកចូល កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

លោក ដូណាល់ ត្រាំ ដែលមានអាយុ ៧៧ឆ្នាំ ត្រូវបានគេរំពឹងថា នឹងចូលបញ្ជាក់ពីភាពគ្មានពិរុទ្ធរបស់គាត់ (គ្មានកំហុស) នៅក្នុងសវនាការ ដែលនឹងចាប់ផ្តើមនៅម៉ោង ៤ រសៀល (៨យប់ GMT) នៅនឹងមុខចៅក្រមលោកស្រី Moxila Upadhyaya។ ការចោទប្រកាន់លើលោក ត្រាំ និងអ្នករួមគំនិតមិនបញ្ចេញឈ្មោះចំនួន ៦នាក់ផ្សេងទៀត លើករណីជ្រៀតជ្រែកលទ្ធផលការបោះឆ្នោតឆ្នាំ២០២០ គឺជាការចោទប្រកាន់បទឧក្រិដ្ឋលើកទី៣ របស់អតីតប្រធានាធិបតីរូបនេះ រាប់ចាប់តាំងពីខែមីនា ហើយទាំងនេះគឺជាករណីធ្ងន់ធ្ងរបំផុត ដែលនឹងគំរាមកំហែងដល់ការព្យាយាមរបស់គាត់ ក្នុងការត្រឡប់មកសេតវិមាននៅឆ្នាំ២០២៤៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






