សូមប្រុងប្រយ័ត្ន! កម្ពស់ទឹកស្ទឹងសែន ខេត្តកំពង់ធំ បានហក់ជិតដល់កម្រិតប្រកាសអាសន្នហើយ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងត្រៀមស្វែងរកទីទួលមានសុវត្ថិភាព
- August 4, 2023
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងស្តីពី កម្ពស់ទឹកស្ទឹងសែន បានហក់ជិតដល់កម្រិតប្រកាសអាសន្ន និងប្រាប់ឲ្យប្រជាពលរដ្ឋតាមមាត់ស្ទឹងត្រៀមស្វែងរកទីទួលមានសុវត្ថិភាព។

ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន កម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ និងតាមបណ្តោយដងស្ទឹងសែនបាន ហក់ជិតដល់កម្រិតប្រកាសអាសន្នហើយ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារៈឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរ បំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការលិចលង់ណាមួយ កើតឡើង។
ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំ ផែនការអន្តរាគមន៍ និងត្រូវរៀបចំទីទួលសុវត្ថិភាពឲ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយ ណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ដើម្បីជៀសវាងជំងឺ ឆ្លងផ្សេងៗ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាបជា ព័ត៌មាន និងចូលរួមសហការ ជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ នេះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ រដ្ឋបាល ខេត្តកំពង់ធំ
- Share This Post:






