កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការផ្ដល់ជំនួយសព្វាវុធទៅកោះតៃវ៉ាន់
- BY
- autoadmin
- August 4, 2023
កូរ៉េខាងជើងនៅថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣ បានធ្វើការរិះគន់លើកញ្ចប់ជំនួយអាវុធរបស់សហរដ្ឋអាមេរិក ដែលផ្ដល់ទៅកោះតៃវ៉ាន់ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានជំរុញភាពតានតឹងនៅក្នុងតំបន់ទៅជា «ចំណុចបញ្ឆេះសង្រ្គាមមួយផ្សេងទៀត»។ សហរដ្ឋអាមេរិកបានបង្ហាញកញ្ចប់ជំនួយសម្រាប់កោះតៃវ៉ាន់ដែលមានតម្លៃរហូតដល់ ៣៤៥ លានដុល្លារ កាលពីថ្ងៃសុក្រ ខណៈដែលសភាបានផ្តល់សិទ្ធិផ្ដល់អាវុធដល់ទៅ ១ ពាន់លានដុល្លារ សម្រាប់កោះនេះជាផ្នែកនៃថវិកាឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA លោក Maeng Yong Rim អគ្គនាយកនៃនាយកដ្ឋានកិច្ចការចិនរបស់ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ផែនការនេះគឺជា «ការបង្ករឿងខាងនយោបាយ និងយោធាដ៏គ្រោះថ្នាក់» និងជា «ការរំលោភយ៉ាងខ្លាំងក្លា» នៃគោលការណ៍ចិនតែមួយ។ សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា៖«វាគឺជាចេតនាដ៏អាក្រក់របស់សហរដ្ឋអាមេរិកក្នុងការប្រែក្លាយតៃវ៉ាន់ទៅជាមូលដ្ឋានទំនើបប្រឆាំងនឹងប្រទេសចិន និងជាលេណដ្ឋានខ្សែទី១ សម្រាប់ការអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីរារាំងប្រទេសចិន»៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






