អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពន្យារពេលការវិលត្រឡប់ទៅប្រទេសថៃវិញ ដោយសារស្ថានភាពនយោបាយក្នុងប្រទេសថៃ

BY
autoadmin
August 4, 2023

ប្រភពពីគណបក្សភឿថៃបាននិយាយថា ផែនការរបស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ នឹងត្រូវពន្យារពេលរហូតដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃត្រូវបានបង្កើតឡើង។ អតីតនាយករដ្ឋមន្ត្រីដែលធ្លាប់ជាមេដឹកនាំគណបក្សភឿថៃដំបូងរូបនេះ មានគម្រោងវិលត្រឡប់មកផ្ទះវិញនៅថ្ងៃទី១០ ខែសីហា។ ផែនការនេះត្រូវបានប្រកាសដោយកូនស្រីរបស់គាត់ គឺលោកស្រី Paetongtarn Shinawatra កាលពីសប្តាហ៍មុននៅលើ Instagram។ លោកស្រី​បាន​និយាយ​ថា ឪពុក​របស់​លោកស្រីនឹង​មក​ដល់​អាកាសយានដ្ឋាន​ដនមឿង​នៅ​ថ្ងៃ​ព្រហស្បតិ៍​។

លោក ថាក់ស៊ីន បានសម្រេចចិត្តពន្យារពេលការវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រនេះត្រូវបានពន្យារពេល ហើយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញថា តើការតែងតាំងលោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្ត្រីម្ដងទៀត នៅក្នុងការបោះឆ្នោតសភាទី២ ស្របតាមរដ្ឋធម្មនុញ្ញដែរ ឬទេ។ រំលឹកដែរថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានធ្លាក់ការបោះឆ្នោតលើកដំបូងដោយសារជំហររបស់គាត់លើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ។ ជាមួយគ្នានេះ គណបក្សឆ្ពោះទៅមុខ ក៏លែងនៅក្នុងសម្ព័ន្ធចម្រុះ ដែលដំបូងឡើយមានគណបក្សចំនួន ៨ ចូលរួមផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: