ម៉ៃក្រូហ្វូនដែលតារាចម្រៀងរ៉េប Cardi B បានគប់ទៅលើហ្វូងអ្នកគាំទ្រ ត្រូវបានដាក់លក់ក្នុងតម្លៃជិត ១០០,០០០ ដុល្លារ ដើម្បីបរិច្ចាគទៅអង្គការមនុស្សធម៌
- BY
- autoadmin
- August 4, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន USA Today បានរាយការណ៍ថា ម៉ៃក្រូហ្វូនដែលកំពូលតារាចម្រៀងរ៉េប Cardi B បានគប់ទៅលើហ្វូងអ្នកគាំទ្រ បន្ទាប់ពីបុគ្គលម្នាក់នោះបានជះភេសជ្ជៈដាក់គាត់ ត្រូវបានដាក់លក់ក្នុងតម្លៃជិត ១០០,០០០ ដុល្លារអាមេរិក ហើយចំណូលរបស់វានឹងត្រូវបរិច្ចាគទៅអង្គការមនុស្សធម៌។ លោក Scott Fisher ម្ចាស់ក្រុមហ៊ុន The Wave ដែលបានផ្តល់ម៉ៃក្រូហ្វូនសម្រាប់ការសម្តែងរបស់កំពូលតារាស្រី Cardi B បានដាក់លក់ម៉ៃក្រូហ្វូនមួយនោះនៅលើ eBay ដោយចាប់ផ្ដើមពីតម្លៃ ៩០,០០០ ដុល្លារអាមេរិក។

ការដេញថ្លៃម៉ៃក្រូហ្វូន Shure AD2 គ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ហើយទទួលបានការដេញថ្លៃច្រើនជាង ១២០ ដង ដែលធ្វើឱ្យតម្លៃរបស់វាបានកើនដល់ ៩៩,៩០០ ដុល្លារអាមេរិក គិតមកទល់ពេលនេះ។ លោក Scott Fisher បានបញ្ជាក់ថា ក្រុមការងាររបស់គាត់បានផ្គត់ផ្គង់ម៉ៃក្រូហ្វូនជាច្រើនសម្រាប់ការប្រគុំតន្ត្រីនោះ ប៉ុន្តែម៉ៃក្រូហ្វូនដែល Cardi B បានប្រើប្រាស់ គឺពិសេសជាងគេ ដែលអាចធ្វើឱ្យដឹងថា មួយណាជាម៉ៃក្រូហ្វូនរបស់កំពូលតារាចម្រៀងរ៉េបរូបនេះ។ ម៉ៃក្រូហ្វូនមួយនោះក៏នៅប្រើបានជាធម្មតា បន្ទាប់ពីក្រុមការងារបានប្រមូលវាពីអ្នកគាំទ្រត្រឡប់មកវិញ។
រំលឹកដែរថា Cardi B បានគប់ម៉ៃក្រូហ្វូនទៅលើហ្វូងអ្នកគាំទ្រ បន្ទាប់ពីមានបុគ្គលម្នាក់បានជះភេសជ្ជៈដាក់គាត់ នៅកំឡុងពេលដែលគាត់ច្រៀងបទ «Bodak Yellow» ដែលជាបទចំណាត់ថ្នាក់លេខ១ លើ Billboard Top 100 នៅពេលវាចេញដំបូងៗ។ បទចម្រៀង Bodak Yellow អាចនិយាយបានថា គឺជាបទចម្រៀងដែលធ្វើឱ្យកំពូលតារារ៉េប Cardi B មានឈ្មោះបោះសំឡេង និងបន្ដសាយភាយឥទ្ធិពលតាំងពីពេលនោះរហូតដល់បច្ចុប្បន្ននេះ៕

អត្ថបទ៖ លីដា
ប្រភព៖ USA Today
- Share This Post:






